អ្នកគាំទ្របាល់ទាត់អាឡឺម៉ង់ក្តៅក្រហាយព្រោះសហព័ន្ធផ្តាច់កិច្ចសន្យាជាមួយ Adidas

ការសម្រេចចិត្តរបស់សមាគមបាល់ទាត់អាឡឺម៉ង់ដើម្បីបញ្ចប់ភាពជាដៃគូជាមួយក្រុមហ៊ុន adidas ហើយងាកទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ Nike បានធ្វើឱ្យអ្នកគាំទ្រក្រុមជម្រើសជាតិអាឡឺម៉ង់មានការភ្ញាក់ផ្អើលជាខ្លាំង។

ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់របស់អាឡឺម៉ង់បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ទំនាក់ទំនងដ៏ច្រើនទស្សវត្សរបស់ខ្លួនជាមួយ adidas ត្រូវបានបញ្ចប់ ហើយឯកសណ្ឋានថ្មីរបស់ក្រុមជម្រើសជាតិនឹងត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុន Nike ចាប់ពីឆ្នាំ 2027 រហូតដល់យ៉ាងហោចណាស់ឆ្នាំ 2034 ។

គួររំលឹកផងដែរថា Adidas គឺជាក្រុមហ៊ុនរ៉ាប់រងការផលិតឯកសណ្ឋានក្រុមជម្រើសជាតិអាឡឺម៉ង់តាំងពីឆ្នាំ 1954។ តាំងពីពេលនោះមក មានតែម្តងគត់ដែលក្រុមជម្រើសជាតិអាឡឺម៉ង់បានពាក់ឯកសណ្ឋានដែលផលិតដោយក្រុមហ៊ុនផ្សេង គឺនៅក្នុងទសវត្សរ៍ឆ្នាំ 1970 នៅពេលដែលពួកគេពាក់អាវដែលផលិតដោយ Erima ដែលនៅតែជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ adidas ។ កីឡាកររបស់ក្រុមជម្រើសជាតិអាឡឺម៉ង់នឹងបន្តពាក់អាវ adidas នៅព្រឹត្តិការណ៍ Euro 2024 និង World Cup 2026 មុនពេលកិច្ចព្រមព្រៀង Nike ចាប់ផ្តើមដំណើរការនៅឆ្នាំ 2027៕