អតីតកីឡាករក្លឹប Barcelona កីឡាករ Dani Alves បានស្នើសុំតុលាការឱ្យដោះលែងពីពន្ធនាគារដើម្បីបាននៅក្រៅឃុំ ខណៈដែលគាត់រង់ចាំការកាត់ទោសចុងក្រោយនៅក្នុងសំណុំរឿងរំលោភផ្លូវភេទរបស់គាត់។

Alves ត្រូវបានកាត់ទោសឱ្យជាប់គុក 4 ឆ្នាំ 6 ខែក្នុងខែកុម្ភៈ បន្ទាប់ពីត្រូវបានរកឃើញថាមានទោសពីបទរំលោភផ្លូវភេទ។ អតីតកីឡាករជម្រើសជាតិប្រេស៊ីលរូបនេះបានប្តឹងឧទ្ធរណ៍ចំពោះការកាត់ទោសនេះ ហើយបានស្នើសុំឱ្យនៅក្រៅឃុំក្នុងសវនាការ។ Alves បានអះអាងថាគាត់នឹងបន្តនៅក្នុងប្រទេសអេស្ប៉ាញប្រសិនបើគាត់ត្រូវបានគេដោះលែង ប៉ុន្តែព្រះរាជអាជ្ញាបានអះអាងថារូបគេអាចនឹងព្យាយាមហោះហើរចេញប្រសិនបើសម្រេចអោយនៅក្រៅពន្ធនាគារពិតមែន។

ចៅក្រមត្រូវបានគេរំពឹងថានឹងសម្រេចចិត្តក្នុងពេលឆាប់ៗដើម្បីកំណត់ថាតើ Alves អាចត្រូវបានដោះលែងឱ្យនៅក្រៅឃុំឬអត់ ខណះខ្សែការពារវ័យ 40 ឆ្នាំរូបនេះបានជាប់ពន្ធនាគាររយៈពេល 14 ខែរួចមកហើយហើយ បន្ទាប់ពីត្រូវបានចាប់ខ្លួនដំបូងកាលពីខែមករា ឆ្នាំ 2023។ ព័ត៌មានថ្មីចុងក្រោយរបស់ Dani Alves មួយនេះបានច្រានចោលទាំងស្រុងនូវពាក្យចចាមអារ៉ាមដែលលេចឡើងថារូបគេបានធ្វើអត្តឃាតនៅក្នុងពន្ធនាគារ ដោយសារតែការអស់ទ្រាំក្នុងការរស់នៅដោយគ្មានសេរីភាពកាលពីប៉ុន្មានសប្តាហ៍កន្លងទៅ៕