Erling Haaland ត្រូវបានគេរាយការណ៍ថាបានច្រានចោលសំណើររបស់ក្រុមហ៊ុន Netflix សម្រាប់ការផលិតភាពយន្តឯកសារ ខណៈដែលរូបគេចង់រក្សាអោយបាននូវរឿងមួយនេះសម្រាប់អាជីពដ៏ថ្មីថ្មោងរបស់ខ្លួន។

ក្រុមហ៊ុន Netflix ដែលបានទទួលភាពភាពជោគជ័យធំមួយជាមួយរឿង “Quarterback” ដែលបានចេញផ្សាយនៅក្នុងខែកក្កដាឆ្នាំ 2023 ដោយបង្ហាញពីជីវិតរបស់កីឡាករបាល់ទាត់បែបអាមេរិក NFL បីនាក់ក្នុងរដូវកាល 2022 បានបង្ហាញពីចំណាប់អារម្មណ៍លើគំនិតស្រដៀងគ្នា ប៉ុន្តែលើកនេះងាកមកផ្តោតលើខ្សែប្រយុទ្ធបាល់ទាត់។ យោងតាមសារព័ត៌មាន Daily Mail បានឱ្យដឹងថា Haaland បានបដិសេធភាពយន្តឯកសារដែលអាចចាត់ទុកថាជារឿងមិនល្អមួយ ដោយសារតែកេរ្តិ៍ឈ្មោះ នឹងភាពល្បីល្បាញរបស់ខ្សែប្រយុទ្ធសញ្ជាតិន័រវេនៅក្នុងក្របខ័ណ្ឌ Premier League។

លើសពីនេះ ខ្សែប្រយុទ្ធកំពូលផ្សេងទៀតរួមមាន Ollie Watkins របស់ Aston Villa និង Mohamed Salah របស់ Liverpool ក៏ត្រូវបានទាក់ទងជាមួយនឹងសំណើដូចគ្នានេះ។ យ៉ាងណាមិញ កីឡាករទាំងនោះនៅមិនទាន់បានផ្តល់ការជូនដំណឹងពីការសម្រេចចិត្តរបស់ពួកគេនោះឡើយ នេះបើយោងទៅតាមប្រភពដដែល។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺ កីឡាកររបស់ក្រុមកំពូលតារាង Arsenal ពោលគឺ Bukayo Saka មិនបានទទួលសំណើរអ្វីទាល់តែសោះ ទាំងដែលខ្លួនកំពុងធ្វើបានយ៉ាងល្អនៅក្នុងលីកកំពូលអង់គ្លេស៕