ខ្សែប្រយុទ្ធ Lionel Messi នឹងខកខានការប្រកួតមិត្តភាពរបស់ក្រុមជម្រើសជាតិអាហ្សង់ទីនទល់នឹងអ៊ែលសាវ៉ាឌ័រ និង កូស្តារីកាដោយសាររបួសពេលលេងឱ្យក្រុម Inter Miami។

អាហ្សង់ទីនបានផ្តល់ព័ត៌មានថ្មីទៅលើរបួសរបស់ប្រធានក្រុម Lionel Messi ហើយបានបញ្ជាក់ថាគាត់នឹងខកខានការប្រកួតមិត្តភាពជាមួយអ៊ែលសាវ៉ាឌ័រ និង កូស្តារីកាក្នុងអំឡុងពេលសម្រាកអន្តរជាតិខាងមុខនេះ។ ខ្សែប្រយុទ្ធរូបនេះបានខកខានពីរប្រកួតកន្លងមកសម្រាប់ Inter Miami រួចមកហើយ ដោយជាលទ្ធផលនឹងបន្តសម្រាកព្យាបាលនៅសហរដ្ឋអាមេរិក។

គ្រូបង្វឹកក្រុម Inter Miami លោក Tata Martino បានណែនាំថា Ballon d’Or ប្រាំបីសម័យនឹងខកខានការប្រកួតមិត្តភាពខែមីនាដោយទទួលស្គាល់ថាខ្លួនគាត់ផ្ទាល់ចង់មិនប្រថុយអោយកំពូលកីឡាកររបស់គាត់ទៅលេងទាំងមិនទាន់ជាសះស្បើយ 100%។ ទោះជាយ៉ាងណាក៏ដោយ គាត់មានកាលបរិច្ឆេទត្រលប់មកវិញសម្រាប់ Messi ដោយទទូចថារូបគេអាចនឹងមានវត្តមានសម្រាប់ការប្រកួត CONCACAF Champions Cup ទល់នឹងក្រុមខ្លាំងមកពីមិចស៊ីកូ CF Monterrey នៅថ្ងៃអង្គារ ទី 2 ខែមេសា៕