ក្លឹបនៅ Premier League មួយទៀតហើយអាចនឹងទទួលការកាត់ពិន្ទុដូច Everton ដើមរដូវកាលនេះ

Nottingham Forest ត្រូវបានគេរាយការណ៍ថានឹងបានដឹងពីការដាក់ទណ្ឌកម្មរបស់ពួកគេសម្រាប់ការបំពានច្បាប់ហិរញ្ញវត្ថុលីកកំពូលអង់គ្លេស Premier League នៅសប្តាហ៍នេះ ដោយអាចប្រឈមនឹងការកាត់ពិន្ទុដូចដែលបានកើតឡើងចំពោះក្រុម Everton។

Everton បានជាប់ពិន័យដោយការកាត់ពិន្ទុរួចហើយនៅរដូវកាលនេះ ទោះបីជាការដាក់ទណ្ឌកម្មក្នុងការដក 10 ពិន្ទុដំបូងរបស់ពួកគេត្រូវបានកាត់បន្ថយមកត្រឹម 6 ក្រោយបណ្តឹងឧទ្ធរណ៍ក៏ដោយ។ ក្រុមរបស់លោក Sean Dyche នៅមានការចោទប្រកាន់មួយទៀត ដោយរួមជាមួយនឹងក្រុមដែលកំពុងស្ថិតក្បែរតំបន់កាត់ចោលពោលគឺ Nottingham Forest។

ក្លឹបនៅ Premier League ទាំងអស់ត្រូវបានអនុញ្ញាតឱ្យខាតបង់ទឹកប្រាក់ 105 លានផោនក្នុងរយៈពេល 3 រដូវកាល យោងទៅតាមច្បាប់ប្រាក់ចំណេញ និងនិរន្តរភាព PSR ប៉ុន្តែ Nottingham Forest ត្រូវបានកំណត់ត្រឹម 61 លានផោន ដោយសារការចំណាយពេល 2ឆ្នាំមុននៅលីកទីពីរអង់គ្លេស។ ក្នុងករណីដែលក្រុមមួយនេះត្រូវបានកាត់លើសពីបីពិន្ទុនោះ ពួកគេនឹងត្រូវធ្លាក់មកនៅក្រោមក្រុម Luton Town ហើយចូលក្នុងតំបន់កាត់ចោល ស្របពេលដែល Everton នៅរង់ចាំការផ្តន្ទាទោសជាលើកទីពីរពាក់ព័ន្ធនឹងការខាតបង់ប្រាក់កាលពីរដូវកាល 2022-2023 កន្លងទៅនេះ៕