លេងមែនទែនហើយ! អ្នកគាំទ្រក្រុម AT ដុតអាវ Joao Felix ចោលក្រោយការត្រឡប់មកទឹកដីចាស់ខ្លួនវិញ

អ្នកគាំទ្រក្រុម Atletico Madrid បានបង្ហាញអារម្មណ៍របស់ពួកគេចំពោះ Joao Felix យ៉ាងច្បាស់នៅពេលដែលកីឡាករបានត្រលប់ទៅកីឡដ្ឋាន Wanda Metropolitano ក្នុងនាមជាកីឡាកររបស់ក្រុមអ្នកមានបុណ្យ Barcelona។

Felix បានចាកចេញពី Atletico ក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់ក្រុមយក្សកាតាឡាន់នៅរដូវក្តៅ បន្ទាប់ពីបានប្រកាសថាវាជាសុបិនរបស់គាត់ក្នុងការលេងឱ្យ Barcelona។ ទោះជាយ៉ាងណាក៏ដោយ សកម្មភាពនឹងពាក្យសម្តីរបស់គាត់បានធ្វើឱ្យអ្នកគាំទ្រក្រុម Atletico មួយចំនួនមានការខឹងសម្បាជាខ្លាំង រហូតដល់ថ្នាក់មានការដុតអាវរបស់ Felix ក៏ដូចជាការខាកស្តោះទៅលើផ្លាកឈ្មោះរបស់គាត់នៅឯ Wanda Metropolitano មុនពេលការប្រកួតរបស់ក្រុមខ្លាំងទាំងពីរ។

អ្វីដែលរឹតតែគួរអោយឈឺចាប់សម្រាប់អ្នកគាំទ្រ AT នោះគឺ Felix ជាអ្នកស៊ុតបើកការនាំមុខមុនអោយ Barcelona ទៀតមុនពេលដែល Robert Lewandowski នឹង Fermin Lopez រកបានម្នាក់មួយគ្រាប់ដើម្បីធានានូវជ័យជម្នះដ៏មានសារសំខាន់សម្រាប់ Barcelona ក្នុងការដេញតាមក្រុមកំពូលតារាង​ Real Madrid។ ការយកឈ្នះ 3-0 មួយនេះក៏បានផ្តាច់នូវដំណើរមិនដែលស្គាល់ពាក្យបរាជ័យរបស់ក្រុមលោក Diego Simeone នៅក្នុងកីឡដ្ឋាន Metropolitano ដោយលើកចុងក្រោយដែល AT Madrid ភ្លក់រសជាតិបរាជ័យក្នុងដីសម្រាប់ការប្រកួតលីកកំពូលអេស្ប៉ាញ គឺកាលពីថ្ងៃទី 9 ខែមករា ឆ្នាំ 2023 ដែលកាលនោះ Atletico បានភ្លាត់ស្នៀតចាញ់ក្រុម Barcelona ដដែលក្នងលទ្ធផល 0-1៕