Raheem Sterling បានចេញការសុំទោសជាសាធារណះមួយទៅដល់អ្នកគាំទ្ររបស់ក្រុមតោខៀវ Chelsea បន្ទាប់ពីគាត់បានខកខានមិនបានស៊ុតបញ្ចូលទីនូវបាល់ពិន័យ 11 ម៉ែត្រ ក្នុងការប្រកួត FA Cup វគ្គ 8ក្រុមចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Leicester City កាលពីថ្ងៃអាទិត្យ។

ខណះដែល Chelsea កំពុងនាំមុខ 1-0 ខ្សែប្រយុទ្ធស្លាបរូបនេះមានឱកាសបន្ថែមការនាំមុខនៅពេលដែលគាត់ទទួលបានបាល់ប៉េណាល់ទីនៅនាទីទី 26 ។ ទោះខ្លួនបានព្យាយាមសាងគុណលុបលាងទោសដោយការរួមចំណែកក្នុងគ្រាប់បាល់របស់ Cole Palmer នៅចុងបញ្ចប់នៃវគ្កទីមួយក៏ពិតមែន ក្រុមភ្ញៀវ Leicester បានតាមស្មើបន្ទាប់ពីការសម្រាកមុនពេលការស៊ុតបញ្ចូលទីពីរគ្រាប់ចុងក្រោយពីក្រុមតោខៀវ ដើម្បីធានាថាពួកគេមានកៅអីមួយនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ទោះបីជាឈ្នះក៏ដោយ Sterling បានបង្ហោះនៅលើបណ្តាញសង្គម Instagram ដើម្បីបង្ហាញពីការសោកស្តាយរបស់គាត់ទៅកាន់អ្នកគាំទ្ររបស់ក្លឹប ដោយបានសរសេរថា “ទៅកាន់អ្នកគាំទ្រ Chelsea ទាំងអស់គ្នា សូមអភ័យទោសចំពោះការស៊ុតមិនចូលនូវបាល់ប៉េណាល់ទី ខ្ញុំនឹងត្រលប់មកវិញខ្លាំងជាងនេះ 10 ដង ដើម្បីជួយក្រុម និងបន្តការតស៊ូទៅមុខទៀត”។ Raheem Sterling នឹងត្រូវជួបជាមួយអតីតក្រុមរបស់ខ្លួន ពោលគឺ Manchester City ស្របពេលដែល Manchester United ត្រូវធ្វើការស្រាលជាងនេះ ដោយប៉ះគ្នាជាមួយ Coventry City ដើម្បីស្វែងរកក្រុមខ្លាំងពីរឡើងទៅដណ្តើមពាននៅវគ្គផ្តាច់ព្រ័ត្រ៕