ក្លឹប Real Madrid បានដាក់ពាក្យបណ្តឹងទៅកាន់រដ្ឋអាជ្ញាជាផ្លូវការ បន្ទាប់ពីមានការស្រែកជេរប្រមាថរើសអើងទៅលើ Vinicius Jr ដោយអ្នកគាំទ្ររបស់ក្រុម Atletico Madrid និង Barcelona។

មុនពេលការប្រកួត Champions League របស់ Atletico វីដេអូដ៏គួរឱ្យរំខានបានបែកធ្លាយពេញបណ្តាញសង្គម ដែលបង្ហាញពីអ្នកគាំទ្ររបស់ក្រុម AT Madrid ប្រើប្រាស់ពាក្យរើសអើងជាតិសាសន៍ រួមទាំងការហៅ Vinicius Jr. ថាសត្វស្វាថែមទៀតផង។ អាកប្បកិរិយាដ៏គួរឱ្យស្អប់ខ្ពើមនេះមិនមែនជាលើកទីមួយនោះឡើយ ដោយទង្វើស្រដៀងគ្នានេះបានកើតឡើងក្នុងអំឡុងពេលការប្រកួត Copa del Rey វគ្គ 16 ក្រុមចុងក្រោយរវាងក្រុមយក្សទាំងពីរនៅទីក្រុង Madrid។

លើសពីនេះទៅទៀត អ្នកគាំទ្រក្រុមអ្នកមានបុណ្យ Barcelona ក៏ជាប់ពាក់ព័ន្ធក្នុងការរើសអើងជាតិសាសន៍ផងដែរ ដោយមានរបាយការណ៍មួយបានបង្ហាញថា អ្នកគាំទ្រមួយក្រុមបានស្រែកថា “Vinícius ស្លាប់ទៅ” នៅខាងក្រៅកីឡដ្ឋាន Estadi Olimpic Lluis Companys មុនពេលការប្រកួតពាន Champions League ទល់នឹង Napoli។ កាលពីពេលថ្មីៗនេះ Real Madrid បានសម្រេចដាក់ពាក្យបណ្តឹងជាផ្លូវការ ដើម្បីស្នើអោយសមត្ថកិច្ចជំនាញក្នុងករណីរើសអើងពូជសាសន៍ក្នុងការស្វែងរកភស្តុតាងបន្ថែមជុំវិញករណីរបស់ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល៕