លោក Sir Alex Ferguson អតីតគ្រូបង្វឹកក្រុមបិសាចក្រហម Manchester United នៅតែបន្តបង្កើតភាពភ្ញាក់ផ្អើលក្នុងពិធី Cheltenham ខណះដែលសេះរបស់លោកបានទទួលជ័យជម្នះជាប់ៗគ្នា ទាំងដែលមិនសូវមានបទពិសោធន៍ប្រកួតក្នុងឆាកធំៗ។

ព្រឹទ្ធាចារ្យបាល់ទាត់រូបនេះបានអបអរនូវភាពជោគជ័យរបស់គាត់ជាមួយមិត្តភក្តិដូចជាលោក Sam Allerdyce នៅពេលដែលសេះ Monmiral របស់លោកបានយកឈ្នះក្នុងការប្រកួតវគ្កផ្តាច់ព្រ័ត្រ Pertemps Network។ ជ័យជម្នះរបស់ Monmiral មិនត្រឹមតែផ្តល់នូវភាពភ្ញាក់ផ្អើលសម្រាប់ Sir Alex នោះទេ តែវាក៏បាននាំមកជាមួយនូវជ័យលាភីនឹងទឹកប្រាក់ចំនួន 5 មុឺនផោនសម្រាប់អតីតអ្នកចាត់ការសញ្ជាតិស្កុតលែនថែមទៀតផង។

រឿងរ៉ាវមិនទាន់ចប់ត្រឹមនេះឡើយ នៅថ្ងៃបន្ទាប់ សេះមួយទៀតរបស់ Sir Alex ដែលមានឈ្មោះថា Protektorat ក៏បានយកឈ្នះក្នុងការប្រកួត Ryanair Chase ដែលបានរុញច្រានស្ថិតិជ័យជម្នះរបស់អតីតអ្នកចាត់ការរូបនេះរហូតដល់ទៅ 100% ក្នុងចំណោមសេះទាំងពីរ Monmiral នឹង Protektorat ក្នុងការប្រកួតនាពិធី Cheltenham៕