Henderson ត្រឡប់ទៅអង់គ្លេសវិញលើកនេះ ទ្រោមខ្លួនដោយសារអ្នកគាំទ្រ Aston Villa

ការវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញរបស់កីឡាករ Jordan Henderson បានប្រែក្លាយទៅជារឿងរ៉ាវដ៏អួរអាប់មួយ ខណះដែលអ្នកគាំទ្រក្រុម Aston Villa បានស្រែកចំអកខ្សែបម្រើចំណូលថ្មីរបស់ Ajax រូបនេះស្ទើរតែមួយប្រកួតពេញ។

អតីតប្រធានក្រុមហង្សក្រហម Liverpool ដែលបច្ចុប្បន្នកំពុងបន្តអាជីពបាល់ទាត់របស់ខ្លួននៅប្រទេសហូឡង់រូបនេះ មិនបានទទួលការស្វាគមន៍តាមអ្វីដែលខ្លួនគ្រោងទុកនោះឡើយ។ អ្នកគាំទ្រស្ទើរគ្រប់រូបបាននាំគ្នាស្រែកចំអកលើ Henderson យ៉ាងកងរំពងដូចកាលដែលរូបគេលេងអោយក្រុមជម្រើសជាតិអង់គ្លេសកាលពីខែតុលានៅក្នុងកីឡដ្ឋាន Wembley បេះដាក់។

Jordan Henderson បានប្រែខ្លួនពីបុគ្គលដែលមនុស្សគ្រប់គ្នានៅអង់គ្លេសស្រឡាញ់ ទៅជាកីឡាករមួយរូបដែលអ្នកគាំទ្រមិនពេញចិត្តក្រោយការផ្លាស់ទៅលេងអោយ Al-Ettifaq នៅក្នុងប្រទេសដែលមិនទទួលស្គាល់ការស្រឡាញ់ភេទដូចគ្នា ទាំងដែល Henderson ជាសកម្មជនមួយរូបដែលតែងតែបង្ហាញពីការគាំទ្រចំពោះរឿងមួយនេះ។ ក្រោយចប់ការប្រកួត សាមីខ្លួនផ្ទាល់ក៏បានទទួលស្គាល់ថាការបរាជ័យក្នុងលទ្ធផល 4-0 ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ គឺជារឿងមួយដែលពិបាកក្នងការទទួលយក ដោយជឿជាក់ថាគ្រាប់បាល់ទីពីររបស់ Aston Villa គឺជាចំណុចដែលកែប្រែការប្រកួតទាំងស្រុងសម្រាប់ក្រុមទាំងពីរ៕