ម្ចាស់ពានរង្វាន់ Oscar លោក Cillian Murphy បានសារភាពថាគាត់គឺជាអ្នកគាំទ្រដ៏ស្មោះស្ម័គ្រមួយរូបរបស់អតីតកីឡាករ Roy Keane ហើយថាវីរបុរសរបស់ Manchester United គឺជាតារាល្បីបំផុតរបស់ទីក្រុង Cork។

តារាសម្តែងជនជាតិអៀរឡង់បានឈ្នះពានរង្វាន់ Academy Award សម្រាប់តារាសម្តែងល្អបំផុតបន្ទាប់ពីការសម្តែងរបស់គាត់នៅក្នុងភាពយន្ត Oppenheimer ដោយខ្សែភាពយន្តរបស់ Christopher Nolan ទទួលបានពានរង្វាន់ចំនួនប្រាំពីរកាលពីយប់ថ្ងៃអាទិត្យកន្លងទៅក្នងពិធីទទួលពាន Oscar។ គួររំលឹកផងដែរថា Cillian នឹង Roy Keane សុទ្ធសឹងមានដើមកំណើតនៅទីក្រុង Cork នៃប្រទេសអៀរឡង់ ហើយខណៈដែលតារាសម្តែងរូបនេះមានការចាប់អារម្មណ៍នឹងការគោរពជាខ្លាំងទៅដល់កំពូលកីឡាកររបស់បិសាចក្រហម។

តួឯកនៅក្នុងរឿងលំដាប់ពិភពលោក Peaky Blinders ត្រូវបានគេសួរនៅក្នុងកម្មវិធី Oscars ថាតើគាត់ជាតារាល្បីបំផុតមកពីស្រុកកំណើតរបស់គាត់រឺ ហើយ Cillian បានឆ្លើយតបវិញភ្លាមៗថា “សម្រាប់ខ្ញុំគ្មាននរណាម្នាក់នឹងល្បីល្បាញជាង Roy Keane ដែលមានដើមកំណើតចេញពី Cork នោះឡើយ។ ខ្ញុំជាអ្នកគាំទ្រ Roy Keane មួយរូប ដូច្នេះគាត់តែងតែជាប់លេខមួយសម្រាប់ខ្ញុំ”។ ទោះបីជា Murphy បានប្រកាសពីសេចក្តីស្រឡាញ់ និងការកោតសរសើររបស់គាត់ចំពោះ Keane ក៏ដោយ ក៏តារាហូលីវូដរូបនេះត្រូវបានគេរាយការណ៍ថាជាអ្នកគាំទ្រមួយរូបរបស់ហង្សក្រហម Liverpool ដោយគាត់ត្រូវបានគេអញ្ជើញឱ្យទៅកីឡដ្ឋាន Anfield ជាមួយកូនប្រុសរបស់គាត់ក្នុងឆ្នាំ 2020 ហើយខ្សែការពារ Virgil van Dijk ក៏ធ្លាប់បានសារភាពថា Murphy គឺជាមនុស្សដ៏ល្បីល្បាញបំផុតនៅក្នុងទូរស័ព្ទរបស់ខ្លួន៕