លោក Sergio Conceicao បានអះអាងថាគ្រូបង្វឹកក្រុម Arsenal លោក Mikel Arteta បានជេរប្រមាថគ្រួសាររបស់គាត់អំឡុងពេលក្រុម Porto ចាញ់ក្រុមកាំភ្លើងធំក្នុងក្របខ័ណ្ឌ Champions League កាលពីថ្ងៃអង្គារកន្លងទៅនេះ។

អ្នកចាត់ការទាំងពីរត្រូវបានបំបែកគ្នា បន្ទាប់ពីមានការដោះដូរសម្តីគ្នាមួយភ្លែតនៅក្រៅទីលាន កំឡុងការប្រកួតជើងទីពីរនៃការប្រកួត Champions League វគ្គ 16 ក្រុមចុងក្រោយរបស់ពួកគេ។ អ្នកទាំងពីរត្រូវបានគេសួរអំពីឧបទ្ទវហេតុបន្ទាប់ពីការប្រកួត ហើយគ្រូបង្វឹករបស់ Porto បានធ្វើការចោទប្រកាន់យ៉ាងខ្លាំងទៅលើអ្នកចាត់ការរបស់ក្រុមកាំភ្លើងធំ។

នៅក្នុងសន្និសីទកាសែត លោក Conceicao បានប្រាប់អ្នកយកព័ត៌មានថា “អ្វីដែល Arteta បាននិយាយជាភាសាអេស្ប៉ាញ គឺរូបគេបានជេរប្រមាថមកលើគ្រួសាររបស់ខ្ញុំផ្ទាល់។ គេគួរតែផ្តោតទៅលើការហ្វឹកហាត់ក្រុមរបស់គេ។ លទ្ធផលមួយនេះគឺមិនសមហេតុផលសម្រាប់យើងទាល់តែសោះ ដោយក្រុមរបស់យើងសាកសមក្នុងការឡើងទៅវគ្គបន្ត”។ ដោយឡែក លោក Mikel Arteta បានផ្តល់ចម្លើយខ្លីៗងាយយល់ថា “ខ្ញុំមិនមានមតិអ្វីនោះឡើយ។ អរគុណច្រើន”៕