ក្លឹបសេដ្ឋីមកពីប្រទេសបារាំង Paris Saint-Germain ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ក្នុងការនាំយកខ្សែប្រយុទ្ធកំពូលស្នៀត Luis Diaz ពី Liverpool ជំនួសតំណែង Kylian Mbappe ខណះដែលអ្នកមានបុណ្យ FC Barcelona ក៏ចង់បាន Diaz ដូចគ្នា។

កំឡុងពេលដែលខ្សែប្រយុទ្ធ Mbappe រំពឹងថានឹងចូលរួមជាមួយ Real Madrid នៅរដូវក្តៅនេះ PSG បានបង្វែរចំណាប់អារម្មណ៍របស់ពួកគេទៅខ្សែប្រយុទ្ធស្លាបរបស់ហង្សក្រហម Diaz នេះបើយោងតាមសារព័ត៌មាន El Pais Colombia ។ របាយការណ៍ដដែលបាននិយាយថា ស្របពេលអ្នកចាត់ការ Jurgen Klopp នឹងចាកចេញពីកីឡដ្ឋាន Anfield នៅចុងបញ្ចប់នៃរដូវកាលនេះ ចម្ងល់ជាច្រើនបានកើតឡើងអំពីអនាគតរបស់កីឡាករវ័យ 27 ឆ្នាំ។ ទោះបីជាយ៉ាងណាក៏ដោយ វាត្រូវបានគេអះអាងថា អតីតខ្សែប្រយុទ្ធរបស់ក្រុម Porto រូបនេះអាចមានតម្លៃចន្លោះពី 120 ទៅ 145 លានអឺរ៉ូឯណោះ។

Luis Diaz បានផ្លាស់មកកាន់ហង្សក្រហម Liverpool កាលពីឆ្នាំ 2022 ពីក្រុមខ្លាំងរបស់ព័រទុយហ្កាល់ជាមួយនឹងតម្លៃខ្លួនផ្ទេរ 40 លានផោន ហើយមានកិច្ចសន្យាជាមួយ Liverpool រហូតដល់ទៅឆ្នាំ 2027។ Diaz ក៏ត្រូវបានគេរាប់ចូលថាជាគោលដៅធំមួយរបស់ក្រុមផ្សេងទៀតរួមមាន Barcelona នឹង AC Milan ផងដែរ ដោយកីឡាកររូបនេះរកបាន 11 គ្រាប់ហើយបានបញ្ជូនអោយដៃគូស៊ុតបញ្ចូលទីរហូតដល់ទៅ 5 លើកនៅក្នុងរដូវកាល 2023-2024 នេះ៕