អតីតគ្រូ Man Utd ដកកីឡាករក្រុមជម្រើសជាតិបីរូបចេញគ្មានស្រណោះ ដោយសារតែមូលហេតុអាក្រក់មួយនេះ

លោក Ralf Rangnick បានដកកីឡាករបីនាក់ចេញពីក្រុមជម្រើសជាតិអូទ្រីសសម្រាប់ការប្រកួតមិត្តភាពនាពេលខាងមុខ បន្ទាប់ពីពួកគេត្រូវបានជាប់ពាក់ព័ន្ធក្នុងឧប្បត្តិហេតុស្រែកជេរប្រមាថអ្នកស្រលាញ់ភេទដូចគ្នា។

កីឡាកររួមមាន Guido Burgstaller, Marco Grull, និង Niklas Hedl ត្រូវបានគេចាប់បាននៅលើកាមេរ៉ាដែលចូលរួមក្នុងការស្រែកជេរប្រមាថប៉ះពាល់ដល់អ្នកស្រឡាញ់ភេទដូចគ្នា បន្ទាប់ពីក្រុមរបស់ពួកគេទទួលជ័យជម្នះ 3-0 លើគូប្រជែងទីក្រុង Austria Vienna កាលពីថ្ងៃទី 26 ខែកុម្ភៈកន្លងទៅ។ វីដេអូនៃសកម្មភាពរបស់ពួកគេបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ធ្វើឱ្យមានការខឹងសម្បារ និងការសុំអភ័យទោសពីកីឡាករ និងក្លឹបរបស់ពួកគេពោលគឺ Rapid Vienna។

ជាការឆ្លើយតបទៅនឹងឧបទ្ទវហេតុនេះ Rangnick មិនបានជ្រើសរើសអ្នកទាំងបីសម្រាប់ការប្រកួតនាពេលខាងមុខរបស់ក្រុមជម្រើសជាតិអូទ្រីសជាមួយក្រុមជម្រើសជាតិស្លូវ៉ាគី និងទួរគីនៅថ្ងៃទី 23 និង 26 ខែមីនានោះឡើយ។ ដោយសង្កត់ធ្ងន់លើភាពធ្ងន់ធ្ងរនៃស្ថានការណ៍ លោក Rangnick បានបញ្ជាក់តាមរយៈគេហទំព័រ Sportschau របស់អាឡឺម៉ង់ថា អាកប្បកិរិយាដែលប្រមាថ និងរើសអើងជាសាធារណៈចំពោះអ្នកដទៃបែបនេះ នឹងមិនត្រូវបានអត់ឱនឱ្យនៅក្នុងក្រុមរបស់គាត់ឡើយ៕