អ្នកចាត់ការលោក Roberto D’Aversa ត្រូវបានក្លឹប Lecce នៃក្របខណ្ឌ Serie A បណ្ដេញចេញពីតំណែង បន្ទាប់ពីបានរត់សំដៅចូលទីលាន ហើយបានព្យាយាមយកក្បាលអុកកីឡាករ Thomas Henry របស់ក្លឹប Verona នៅក្រោយកញ្ចែបញ្ចប់ការប្រកួត។

បន្ទាប់ពីចាញ់ 1-0 នៅក្នុងផ្ទះរបស់ពួកគេកាលពីថ្ងៃអាទិត្យ D’Aversa បានទៅយកក្បាលអុកចំខ្សែប្រយុទ្ធ Verona ហើយគ្រូបង្វឹកវ័យ 48 ឆ្នាំរូបនេះត្រូវបានក្លឹបបណ្ដេញចេញ យោងតាមសេចក្តីថ្លែងការណ៍មួយ ភ្លាមៗបន្ទាប់ពីការប្រកួត។ បន្ទាប់ពីឧបទ្ទវហេតុនេះ លោក D’Aversa ក៏បានសុំទោសចំពោះឧបទ្ទវហេតុនេះផងដែរ ខណៈដែលគាត់បានពណ៌នាព្រឹត្តិការណ៍ថា ជារឿងដែលមិនអាចលើកលែងបាន។

បន្ទាប់ពីការបរាជ័យរបស់ពួកគេកាលពីថ្ងៃអាទិត្យ Lecce បានធ្លាក់មកចំណាត់ថ្នាក់ទី 15 ក្នុងលីគកំពូលអ៊ីតាលី ដែលមានពីរពិន្ទុនៅពីក្រោម Verona ហើយកំពុងនាំមុខត្រឹមមួយពិន្ទុពីលើតំបន់កាត់ចោល។ Lecce បានចាញ់ 9 លើកក្នុងចំណោម 12 ប្រកួតក្នុងលីកមុនរបស់ពួកគេ ហើយទើបតែឈ្នះម្តងក្នុងរយៈពេលនេះ។ កាលពីខែកក្កដាកន្លងទៅ ពួកគេបានតែងតាំងលោក D’Aversa ឱ្យជំនួសតំណែងលោក Marco Baroni បន្ទាប់ពីមានទម្រង់លេងមិនល្អទាល់តែសោះកាលពីរដូវកាលមុន៕