Ronaldo ប្រេស៊ីលថាខ្លួនពេលនេះចាប់ចិត្តយ៉ាងខ្លាំងទៅលើកីឡាករ Real Madrid ដែលលេងស្រដៀង Zidane

Ronaldo Nazario បានចេញមកសរសើរ Jude Bellingham មិនដាច់ពីមាត់ទាល់តែសោះ បន្ទាប់ពីការចាប់ផ្តើមដ៏ល្អរបស់រូបគេជាមួយក្លឹប Real Madrid នៅរដូវកាលនេះ។

Ronaldo បានផ្តល់បទសម្ភាសន៍យ៉ាងទូលំទូលាយទៅកាន់ Mail Online ដោយពិភាក្សាអំពីរដូវកាលរបស់ក្រុមអធិរាជស ដោយបញ្ជាក់ពីភាពប្រសើរឡើងរបស់ពួកគេក្នុងនាមជាក្រុម ក៏ដូចជារឿងរ៉ាវដែលពាក់ព័ន្ធទៅនឹងការផ្ទេររបស់ Kylian Mbappe  ប៉ុន្តែគាត់បានសារភាពថាការមកដល់របស់ខ្សែបម្រើសញ្ជាតិអង់គ្លេស Bellingham គឺជាចំណុចវិជ្ជមានធំបំផុតមួយសម្រាប់ក្លឹបមកទល់ពេលនេះ។

អតីតខ្សែប្រយុទ្ធកំពូលរបស់ Real Madrid នឹងក្រុមជម្រើសជាតិប្រេស៊ីលរូបនេះបានលើកសរសើរអំពីចំណុចល្អរបស់ Bellingham ថា “ខ្ញុំចូលចិត្តរបៀបដែល Jude Bellingham លេង។ របៀបដែលគេលេងនៅ Real Madrid ហើយតែងតែស៊ុតចូលស្ទើរគ្រប់ប្រកួត។​ គេពិតជាធ្វើអោយខ្ញុំមានភាពភ្ញាក់ផ្អើលជាខ្លាំងចំពោះគុណភាពដែលគេមាន។ រូបគេធ្វើអោយខ្ញុំនឹកដល់ Zinedine Zidane”