លោក Mauricio Pochettino គ្រូបង្វឹករបស់ក្រុមតោខៀវ Chelsea បានសារភាពថាខ្លួនសុខចិត្តលុបចោលគម្រោងពិសារអាហារពេលល្ងាចជាមួយឧត្តមភរិយារបស់ខ្លួនបន្ទាប់ពីក្រុម Chelsea ធ្វើមិនបានល្អក្នុងការប្រកួតទល់នឹង Brentford នាសប្តាហ៍មុន។

Chelsea បានរបូតពិន្ទុម្តងទៀតក្នុងការប្រកួតលីកកំពូលអង់គ្លេស Premier League កាលពីសប្តាហ៍មុន ខណៈដែលការប្រកួតត្រូវបានបញ្ចប់ក្នុងលទ្ធផលស្មើ 2-2 ទាំងដែល Chelsea ជាអ្នកមានសមត្ថភាពក្នុងការនាំមុខមុនក៏ដោយ។ អ្នកចាត់ការ Pochettino មានការខកចិត្តជាខ្លាំងជាមួយនឹងលទ្ធផលនេះ ហើយលោកបានលុបចោលគម្រោងអាហារពេលល្ងាចជាមួយភរិយាភ្លាមៗ ថែមទាំងបានសារភាពថាខ្លួនបានទៅមើលការប្រកួតបាល់ទាត់ផ្សេងៗជុំវិញពិភពលោក ជាក់ស្តែងការប្រកួតរវាង Al-Nassr នឹង Al-Ain ក្នុងពាន AFC Champions League ថែមទៀតផង។

ថ្លែងទៅកាន់អ្នករាយការណ៍ព័ត៌មាន គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះបានទម្លាយថា “បន្ទាប់ពីការប្រកួតទល់ Brentford ការស្មើគ្នាសម្រាប់ខ្ញុំពេលនោះប្រៀបបានដូចជាការបរាជ័យធំមួយ។ វាបានប៉ះពាល់ដល់ប្រពន្ធរបស់ខ្ញុំ ព្រោះខ្ញុំបានលុបចោលអាហារពេលល្ងាចជាមួយគ្នា ហើយនៅផ្ទះមើលការប្រកួតរបស់ Real Madrid ទល់នឹង Valencia។ ប៉ុន្មានថ្ងៃចុងក្រោយនេះ ខ្ញុំមើលបាល់ទាត់សឹងតែគ្រប់ប្រកួត រួមទាំងការប្រកួត Al-Hilal ជាមួយ Al-Ittihad ហើយ Al-Ain ប៉ះគ្នាជាមួយ Al-Nassr ផងដែរ។ វាជារឿងពិតដែលប្រពន្ធខ្ញុំមិនសប្បាយចិត្តជាមួយខ្ញុំ ប៉ុន្តែគាត់ដឹងច្បាស់ថាអារម្មណ៍ខ្ញុំពេលនោះគឺមិនល្អនោះឡើយ។ នៅពេលដែលអារម្មណ៍មិនល្អ វាមិនមែនជារឿងងាយស្រួលសម្រាប់គ្រួសារទាំងមូលនោះឡើយ។ បន្ទុករបស់ខ្ញុំគឺឈ្នះហើយផ្តល់ភាពរីករាយទៅដល់អ្នកគាំទ្រ ហើយអ្នកនឹងមានសម្ពាធនៅពេលដែលអ្វីៗមិនល្អដូចការគ្រោងទុក”៕