ក្លឹបបាល់ទាត់ Al-Hilal បានតាមស្មើកំណត់ត្រាលក្ខណះពិភពលោកមួយសម្រាប់ក្រុមដែលអាចរក្សាជាប់ជ័យជម្នះជាប់ៗគ្នាយូរបំផុតក្នុងលោក ទាំងដែលកីឡាករសំខាន់ដូច Neymar ត្រូវបានដាក់អោយអង្គុយនៅក្រៅដោយសារតែបញ្ហារបួសក៏ដោយ។

ក្រុមកំពូលតារាងរបស់លីកកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro League បានតាមពីក្រោយដើម្បីវាយបកយកឈ្នះ 3-1 ដោយការស៊ុតបាល់ប៉េណាល់ទីរបស់ Ruben Neves និងការស៊ុតរបស់ Michael និង Aleksandar Mitrovic កាលពីយប់ថ្ងៃសុក្រ។ ជ័យជម្នះលើកទី 27 ជាប់ៗគ្នាក្នុងការប្រកួតទាំងអស់នេះ បានតាមស្មើកំណត់ត្រាពិភពលោកដែលកំណត់ដោយក្រុមមកពីប្រទេសវេល The New Saints ហើយពួកគេសម្រេចបានដោយគ្មានកីឡាករតម្លៃខ្លួន 77.2 លានផោន Neymar ដែលបានរងរបួសធ្ងន់ចាប់តាំងពីខែតុលាមក។

Al-Hilal កំពុងស្ថិតលើវិថីដ៏ល្អប្រសើរមួយក្នុងការឈ្នះពានយ៉ាងច្រើនសន្ធឹកសន្ធាប់នៅរដូវកាលនេះ ដោយបច្ចុប្បន្នក្រុមរបស់លោក Jorge Jesus កំពុងឈរលើកំពូលតារាងលីកកំពូលអារ៉ាប៊ីសាអូឌីតជាមួយនឹងគម្លាតរហូតដល់ទៅ 12 ពិន្ទុពីក្រុមលេខ 2 Al-Nassr ហើយក៏កំពុងស្ថិតក្នុងវគ្គ 8 ក្រុមចុងក្រោយពាន AFC Champions League ដែលពួកគេបាននាំមុខក្រុមរួមប្រទេស Al-Ittihad 2-0 ក្នុងការប្រកួតជើងទីមួយ។ លើសពីនេះទៅទៀត Al-Hilal ក៏នឹងត្រូវជួបជាមួយក្រុមរបស់ Cristiano Ronaldo ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន Saudi Super Cup នាពេលខាងមុខផងដែរ។ អ្វីដែលកាន់តែពិសេសនោះគឺ Al-Hilal អាចនឹងបំបែកកំណត់ត្រាពិភពលោក ដោយគ្រាន់តែរក្សាជ័យជម្នះទៅលើក្រុម Al-Ittihad ម្តងទៀតក្នុងជំនួបសងសឹកជើងទីពីរពាន AFC Champions League នារាត្រីថ្ងៃអង្គារខាងមុខនេះ៕