អតីតអ្នកចាំទីរបស់ក្រុមហង្សក្រហម Liverpool កីឡាករ Pepe Reina កំពុងតាមយ៉ាងកៀកទៅលើកំណត់ត្រារបស់ Cristiano Ronaldo ក្នុងនាមជាកីឡាករដែលបង្ហាញខ្លួនក្នុងការប្រកួតប្រចាំទ្វីបអឺរ៉ុបច្រើនជាងគេ។

អ្នកចាំទី Villarreal នៅតែរក្សាជំហររឹងមាំក្នុងវ័យ 41 ឆ្នាំ ហើយបានលេងការប្រកួតលើកទី 192 របស់គាត់ក្នុងការប្រកួតដែលរៀបចំដោយ UEFA បន្ទាប់ពីក្រុមរបស់គាត់ចាញ់ក្រុម Marseille 4-0 ក្នុងការប្រកួត UEFA Europa League កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ ទោះបីវាជាលទ្ធផលមិនល្អសម្រាប់ក្រុមនៅ La Liga ក៏ពិតមែន ប៉ុន្តែអតីតអ្នកចាំទី Napoli នៅតាមពីក្រោយត្រឹមតែ 5 ដងប៉ុណ្ណោះពីចំនួនកំណត់ត្រានៃការបង្ហាញខ្លួនរបស់ Ronaldo។

Pepe Reina បានចំណាយពេលស្ទើរតែមួយជីវិតរបស់ខ្លួនជាមួយពិភពបាល់ទាត់អឺរ៉ុប ដោយធ្លាប់លេងអោយក្លឹបធំៗដូចជា Villarreal, Barcelona, Liverpool, AC Milan, Napoli ក៏ដូចជាក្លឹបផ្សេងៗជាច្រើនទៀត។ Reina អាចនឹងឈានមួយជំហានទៅក្បែរកំណត់ត្រាដែលកាន់កាប់ដោយខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់នៅពេលដែល Villarreal ត្រូវជួបគ្នាម្តងទៀតជាមួយ Marseille សម្រាប់ការប្រកួតជើងទីពីរនៃពានរង្វាន់លំដាប់ទីពីររបស់អឺរ៉ុបនៅថ្ងៃព្រហស្បតិ៍នេះ៕