កីឡាករ Harry Kane បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់លីកកំពូលអាឡឺម៉ង់ Bundesliga នៅពេលដែលរូបគេបំបែកបានកំណត់ត្រាពីរនៅក្នុងមួយប្រកួត ជាមួយនឹងគ្រាប់បាល់បីគ្រាប់នៅក្នុងជំនួបរវាង Bayern Munich នឹង Mainz 05។

Kane បានជួយអោយ Bayern នាំមុខមុនត្រឹមនាទីទី 13 នៃការប្រកួតវគ្គទីមួយ មុនពេលបន្ថែមបានមួយគ្រាប់ទៀតដែលជាគ្រាប់បាល់ទី 3 របស់ Bayern Munich នៅមុនចប់តង់ទីមួយ។ នៅនាទីទី 70 ប្រធានក្រុមជម្រើសជាតិអង់គ្លេសបានសម្រេចនូវ hat-trick របស់ខ្លួននៅក្នុងការប្រកួតដែលបញ្ចប់ទៅក្នុងលទ្ធផល 8-1។ ក្រោយចប់ការប្រកួត Harry Kane បានក្លាយជាកីឡាករដំបូងបំផុតក្នុងប្រវត្តិសាស្ត្រលីកកំពូលអាឡឺម៉ង់ ដែលអាចរកបានយ៉ាងតិច 2 គ្រាប់ក្នុងការប្រកួត 8 លើកសម្រាប់រដូវកាលដំបូងរបស់ខ្លួន។ កំណត់ត្រាចាស់គឺកាន់កាប់ដោយលោក Friedhelm Konietzka នៅក្នុងឆ្នាំ 1963-1964 នឹងលោក Toni Polster នៅឆ្នាំ 1993-1994 ដែលអ្នកទាំងពីររកបានយ៉ាងតិច 2 គ្រាប់ក្នុងការបង្ហាញខ្លួន 7 ប្រកួត។

លើសពីនេះទៅទៀត បើយោងទៅតាមគេហទំព័រនៃស្ថិតិបាល់ទាត់ Opta Kane ក៏បានក្លាយជាកីឡាករដំបូងគេដែលអាចរកបាន hat-trick រហូតដល់ទៅ 4 ដងក្នុងរដូវកាលដំបូងរបស់ខ្លួនជាមួយលីកកំពូលអាឡឺម៉ង់ ហើយបំបែកនូវកំណត់ត្រាធំៗដល់ទៅពីរក្នុងរយះពេលត្រឹមតែមួយប្រកួត។ គិតមកទល់ពេលនេះ ក្នុងការបង្ហាញខ្លួនចំនួន 34 ប្រកួតសម្រាប់ក្រុមយក្សអាឡឺម៉ង់មួយនេះ Harry Kane អាចរកបានរហូតដល់ទៅ 36 គ្រាប់រួចទៅហើយ ដោយរូបគេអាចនឹងបំបែកកំណត់ត្រាផ្ទាល់ខ្លួនមួយទៀត ពោលគឺការរកបាន41 គ្រាប់ក្នុងពេល 48 ប្រកួតកាលពីរដូវកាល 2017-2018 ជាមួយក្រុមមាន់ខ្នាយមាស Tottenham Hotspur៕