អភិបាលក្រុង Manchester លោក Andy Burnham បាននិយាយថាបិសាចក្រហម Manchester United នឹងត្រូវការការវិនិយោគសាធារណៈដើម្បីផ្តល់មូលនិធិដល់ផែនការរបស់ពួកគេក្នុងការជួសជុលកីឡដ្ឋាន Old Trafford ឡើងវិញ។

United បានបញ្ជាក់ពីការតែងតាំងក្រុមការងារជំនាញដែលនឹងរិះរកវិធីដើម្បីប្រែក្លាយទឹកដីរបស់ក្រុមបិសាចក្រហមទៅជាកីឡដ្ឋានលំដាប់ពិភពលោក បន្ទាប់ពីការឡើងកាន់កាប់ភាគហ៊ុនថ្មីរបស់ Sir Jim Ratcliffe និងក្រុមហ៊ុន INEOS។ អភិបាលក្រុង Manchester ជឿជាក់ថាការវិនិយោគនេះមិនអាចមកពីមហាសេដ្ឋីអង់គ្លេសតែម្នាក់ឯងនោះទេ ដោយនិយាយថាមូលនិធិសាធារណៈនឹងត្រូវការជាចាំបាច់ដើម្បីជួសជុលហេដ្ឋារចនាសម្ព័ន្ធជុំវិញ Old Trafford។

គួររំលឹកផងដែរថា កីឡដ្ឋាន Old Trafford មិនដែលឆ្លងកាត់ការជួសជុលនៅរយះពេល 18 ឆ្នាំចុងក្រោយ ដោយបានទាក់ទាញការរិះគន់ពីសំណាក់អតីតកីឡាកររបស់ Man United ដូចជាលោក Gary Neville ដែលត្រូវបានតែងតាំងក្នុងក្រុមការងារជំនាញ ក៏ដូចជាកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ដែលបានរិះគន់អំពីស្ថានភាពនៃកីឡដ្ឋាន ក៏ដូចជាគ្រឿងបរិក្ខាដែលក្លឹបបានប្រើប្រាស់ក្នុងរយះពេល 20 ឆ្នាំចុងក្រោយនេះ៕