អាជ្ញាកណ្តាលនារី Katia Itzel ត្រូវបានសហព័ន្ធបាល់ទាត់ប្រទេសមុិកសុិកចាត់តាំងអោយកាត់សេចក្តីការប្រកួតលីកកំពូលរបស់បុរសជាលើកដំបូងនៅក្នុងពេល 20 ឆ្នាំ។

សារព័ត៌មាន Associated Press រាយការណ៍ថាអាជ្ញាកណ្តាលស្ត្រីនឹងទទួលបន្ទុកការប្រកួតលីកកំពូលម៉ិកស៊ិកជាលើកដំបូងក្នុងរយៈពេលពីរទសវត្សរ៍ក្នុងការប្រកួតជុំទី 11 នៃតំបន់ Clausura នៅពេលដែលក្រុម Pachuca ប៉ះគ្នាជាមួយ Queretaro នៅថ្ងៃអាទិត្យ។ នាងនឹងក្លាយជាអាជ្ញាកណ្តាលស្ត្រីដំបូងគេក្នុងក្របខ័ណ្ឌកំពូលរបស់ម៉ិកស៊ិកចាប់តាំងពីលោកស្រី Virginia Tovar ក្នុងឆ្នាំ 2004 មកម្ល៉េះ។

គួរបញ្ជាក់ផងដែរថា Itzel បានក្លាយជាអាជ្ញាកណ្តាលតាំងពីឆ្នាំ 2016 និងបានដឹកនាំការប្រកួតនៅ World Cup នារីឆ្នាំ 2023។ លើសពីនេះទៅទៀត លោកស្រី Itzel ក៏ទើបតែបញ្ចប់ភារកិច្ចក្នុងនាមជាអាជ្ញាកណ្តាលកាត់សេចក្តីសម្រាប់ការប្រកួត CONCACAF Women Gold Cup ក្នុងជំនួបរវាងក្រុមបាល់ទាត់នារីជម្រើសជាតិអាមេរិក ទល់នឹងក្រុមជម្រើសជាតិកាណាដាកាលពីថ្ងៃពុធកន្លងទៅផងដែរ៕