ម៉ាស៊ីនរកគ្រាប់បាល់ Erling Haaland ត្រូវបានគេរាយការណ៍ថានឹងទាមទារអោយក្លឹប Manchester City មានឃ្លាផ្តាច់កុងត្រានៅក្នុងកិច្ចព្រមព្រៀងរបស់គេ ដែលផ្តល់លទ្ធភាពអោយ Haaland ក្នុងការចាកចេញទៅកាន់ក្លឹបនៃក្តីស្រម៉ៃរបស់គេមួយទៀត។

Haaland បានបញ្ចប់ការផ្ទេរដ៏ល្បីរបស់គាត់ពី Borussia Dortmund ទៅកាន់ Manchester City ក្នុងឆ្នាំ 2022 ដោយចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 5 ឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ ភ្នាក់ងារតំណាងលោក Rafaela Pimienta បានរួមបញ្ចូលឃ្លាដែលអនុញ្ញាតឱ្យកីឡាករសញ្ជាតិន័រវេចាកចេញនៅរដូវក្តៅឆ្នាំ 2024 ជាមួយតម្លៃដែលសមរម្យសម្រាប់ក្លឹបនៅក្រៅប្រទេសអង់គ្លេស។ ឃ្លាផ្តាច់កុងត្រានេះត្រូវបានគេនិយាយថានឹងថយចុះតម្លៃតាមពេលវេលា ដែលធ្វើឱ្យវាក្លាយជាសំណើដ៏ទាក់ទាញសម្រាប់ក្លឹបដូចជា Real Madrid ជាដើម។

យោងតាមសារព័ត៌មានអេស្ប៉ាញ AS បានទម្លាយថា ទោះបី Man City នៅតែព្យាយាមក្នងការពិភាក្សារឿងបន្តកុងត្រាថ្មីក៏ដោយ លោក Pimienta នៅតែបន្តការចរចារលើចំណុចផ្សេងដែលរួមបញ្ចូលឃ្លាផ្តាច់កុងត្រានៅក្នុងកិច្ចព្រមព្រៀងថ្មីដដែល។ វិធីសាស្ត្រមួយនេះគឺសមប្រកបជាមួយនឹងគម្រោងការរបស់ Haaland ក្នុងការស្វែងរកឱកាសទៅលេងនៅក្លឹបថ្មីៗដែលត្រូវបានគេជឿថាជាម្ចាស់ពាន UEFA Champions League 14 សម័យ ទាំងដែល Real Madrid កំពុងតែតាមយកខ្សែប្រយុទ្ធវ័យក្មេងកំពូលមួយរូបទៀត ពោលគឺ Kylian Mbappe៕