Kevin De Bruyne ទម្លាយថាខ្លួនមានជម្រើសទៅលេងអោយ Klopp ម្តង ប៉ុន្តែត្រូវបានរារាំងដោយមូលហេតុមួយនេះ

កីឡាករ Kevin De Bruyne បានបង្ហាញថាគាត់មានជម្រើសក្នុងការរួមទៅលេងអោយលោក Jurgen Klopp កាលនៅដឹកនាំ Borussia Dortmund មុនពេលដែលលោក Jose Mourinho ទាមទារឱ្យគាត់ស្នាក់នៅ Chelsea។

De Bruyne បានត្រលប់ទៅ Chelsea វិញបន្ទាប់ពីបញ្ចប់ភារកិច្ចខ្ចីជើងនៅ Werder Bremen ហើយមានឱកាសត្រលប់ទៅ Bundesliga ម្តងទៀតដោយការចូលរួមជាមួយ Dortmund ដែលកាលនោះត្រូវបានបង្វឹកដោយ Klopp គឺជាជម្រើសមួយ ប៉ុន្តែគ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់ដែលកាលនោះជាអ្នកដឹកនាំនៅ Chelsea បានសម្រេចចិត្តរក្សាគាត់អោយនៅកីឡដ្ឋាន Stamford Bridge មុនពេលត្រូវបានលក់ទៅអោយក្រុម Wolfsburg។

គាត់បានប្រាប់ TNT Sports ថា “ខ្ញុំបានចុះហត្ថលេខាជាមួយ Chelsea ដោយដឹងថាខ្ញុំនឹងត្រូវបានខ្ចីជើងនៅឆ្នាំដំបូង ហើយប្រសិនបើខ្ញុំធ្វើបានល្អ នោះរឿងរ៉ាវផ្សេងពីនេះអាចនឹងកើតឡើង។ ខ្ញុំបានហ្វឹកហាត់មុនបើរដូវកាល ហើយផ្លាស់ទៅ Werder Bremen ដែលកាលនោះខ្ញុំគិតថាខ្ញុំធ្វើបានល្អគួរសម។ នៅរដូវក្ដៅ វាមានភាពច្របូកច្របល់បន្តិច ដោយពេលនោះខ្ញុំមានជម្រើសក្នុងការទៅ Dortmund ជាមួយ Klopp ឬស្នាក់នៅជាមួយ Chelsea បន្ត ហើយ Jose Mourinho ក៏ចង់ឱ្យខ្ញុំនៅ។ អ្វីៗមិនបានដំណើរការដូចការគិត ហើយខ្ញុំក៏អស់ការអត់ធ្មត់ ប៉ុន្តែខ្ញុំគ្រាន់តែចង់មានពេលវេលាលេងទៀតទាត់ប៉ុណ្ណោះ”