ការប្រកួតរបស់ Southampton ទល់នឹង Preston ក្នុងក្របខ័ណ្ឌ English Championship ត្រូវបានពន្យារពេលប៉ុន្មានម៉ោងមុនពេលចាប់ផ្តើមប្រកួត បន្ទាប់ពីមានអគ្គីភ័យដ៏ធំមួយបានផ្ទុះឡើងនៅក្បែរកីឡដ្ឋាន St Mary’s។

អគ្គីភ័យបានឆាបឆេះអាគារមួយនៅជិតកីឡដ្ឋានរបស់ Southampton ដែលបណ្តាលឱ្យមានការរំខានពីផ្សែងយ៉ាងខ្មៅអួរអាប់នៅជុំវិញតំបន់នោះ។ ជាលទ្ធផល បញ្ហានេះបានបង្ខំឱ្យការប្រកួតទល់នឹង Preston ត្រូវបានពន្យារពេល ហើយវានឹងត្រូវកំណត់រើសយកថ្ងៃប្រកួតឡើងវិញក្នុងពេលឆាប់ៗនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍ពីក្រុម Southampton បានសរសេរថា ការសម្រេចចិត្តក្នុងការលើកពេលប្រកួតនេះ គឺមានការចូលរួមពីអាជ្ញាធរក្នុងតំបន់ នឹងក្រុមសង្គ្រោះបន្ទាន់ក្រោយបានវាយតម្លៃពីផលប៉ះពាល់នៃភ្លើងដែលបានឆេះសំណង់មួយនៅក្បែរកីឡដ្ឋាន St Mary’s ដោយបានបង្កជាការរំខានយ៉ាងខ្លាំងហើយតម្រូវអោយមានការបិទផ្លូវចរាចរណ៍នៅក្បែរកីឡដ្ឋាន។ ទោះជាយ៉ាងណាក្តី សំបុត្រដែលអ្នកគាំទ្របានទិញសម្រាប់ការទស្សនាការប្រកួតមួយនេះនឹងមិនត្រូវបានលុបចោលឡើយ ដោយក្លឹបនឹងអនុញ្ញាតអោយអ្នកកាន់សំបុត្រទាំងនោះចូលរួមការប្រកួតដែលនឹងលើកពេល ដូចធម្មតាដដែល៕