មានសង្ឃឹមវិញហើយ! Mason Greenwood ត្រូវបានផ្តល់ឱកាសអោយចូលមកលេងក្រុមជម្រើសជាតិវិញ ប៉ុន្តែមិនមែនជាអង់គ្លេសនោះឡើយ

អ្នកចាត់ការក្រុមជម្រើសជាតិចាម៉ៃកាលោក Heimir Hallgrimsson សារភាពថាគាត់ចង់អោយកីឡាករ Mason Greenwood មកលេងនៅក្នុងក្រុមរបស់គាត់ចំពេលដែលអាចមានការផ្លាស់ប្តូរសញ្ជាតិសម្រាប់ Greenwood។

ខ្សែប្រយុទ្ធខ្ចីជើងរបស់ Getafe បានជួយឱ្យជម្រើសជាតិអង់គ្លេសតែម្តងគត់នៅខែកញ្ញាឆ្នាំ 2020 ដែលជាការលេងបាន 12 នាទីទល់នឹងក្រុមជម្រើសជាតិអុីស្លង់សម្រាប់ការប្រកួត UEFA Nations League។ FIFA កំណត់ថា កីឡាកររបស់អាចប្តូរសញ្ជាតិបាន ប្រសិនបើពួកគេបានបង្ហាញខ្លួនតិចជាងបីដងសម្រាប់ប្រទេសមួយ មុនពេលអាយុ 21 ឆ្នាំ។

ឥឡូវនេះលោក Hallgrimsson គ្រូបង្វឹកបានកំណត់គោលដៅរបស់គាត់ក្នុងការនាំយកយុវជនរបស់បិសាចក្រហម Manchester United ចូលទៅក្នុងក្រុមជម្រើសជាតិចាម៉ៃកា ដោយបានបង្ហើបថា Greenwood គឺជាកីឡាករមួយរូបដែលគាត់ចង់បាន ប៉ុន្តែអ្វីៗគឺសម្រេចទៅលើសហព័ន្ធបាល់ទាត់ប្រទេសចាម៉ៃកា។ លើសពីនេះទៅទៀត គាត់ជឿជាក់ថាកីឡាករវ័យ 22 ឆ្នាំរូបនេះគួរតែបានទទួលនូវឱកាសជាលើកទីពីរ ក្រោយបានជួបបញ្ហាធំ ពោលគឺការចោទប្រកាន់ពាក់ព័ន្ធនឹងអំពើហិង្សាទៅលើអតីតមិត្តស្រីកាលពីឆ្នាំ 2022 កន្លងទៅ៕