កំណត់ត្រា 143 ប្រកួតរបស់ Man Utd បានក្លាយជាអសាបង់ ក្រោយចាញ់ Man City យ៉ាងវេទនា

Manchester United បានឃើញកំណត់ត្រា 143 ប្រកួតមិនគួរឱ្យជឿរបស់គេ ត្រូវបានកំទេចចោលដោយគូប្រជែងរួមទីក្រុង ពោលគឺ Manchester City នៅក្នុងជំនួប Manchester Derby ខណះដែលក្រុមភ្ញៀវបានរងបរាជ័យយ៉ាងអាម៉ាស់ជាទីបំផុត។

ក្រុមរបស់លោក Erik ten Hag បានចាប់ផ្តើមការប្រកួតយ៉ាងល្អនៅក្នុងកីឡដ្ឋាន Etihad ដោយការស៊ុតបញ្ចូលទីយ៉ាងអស្ចារ្យពីខ្សែប្រយុទ្ធ Marcus Rashford នៅនាទីទី​ 8 នៃការប្រកួតវគ្គទីមួយ។ ទោះយ៉ាងណាក្តី បិសាចក្រហមនៅមិនអាចទប់ទល់ការសម្រុកដ៏ហូរហៀររបស់ Man City បានវាយបកយកឈ្នះវិញក្នុងលទ្ធផល 3-1 ដោយកីឡាករ Phil Foden នឹង Erling Haaland សុទ្ធសឹងតែរកបានគ្រាប់បាល់រៀងៗខ្លួន។

ការបរាជ័យសម្រាប់ Man Utd ក្រោមថ្វីជើងក្រុមរបស់ Pep Guardiola មិនមែនជារឿងអ្វីដែលចម្លែកឡើយ ដោយសារតែទិន្ន័យនៃការប្រកួតគឺត្រូវបានគ្របដណ្តប់ស្ទើរតែទាំងស្រុងដោយក្រុមម្ចាស់ផ្ទះ ប៉ុន្តែកំណត់ត្រា 143 ប្រកួតរបស់ Man United បានបញ្ចប់ត្រឹមយប់ថ្ងៃអាទិត្យ ដោយនេះជាលើកទីមួយក្នុងរយះពេល 8 ឆ្នាំដែល Manchester United ភ្លាត់ស្នៀតចាញ់ទាំងដែលខ្លួននាំមុខគេមុននៅត្រឹមវគ្គទីមួយ។ គួររំលឹកផងដែរថា ការបរាជ័យចុងក្រោយបង្អស់ បានកើតឡើងនៅខែកញ្ញា ឆ្នាំ 2014 ក្នុងជំនួបទល់នឹង Leicester City ដែលបានបញ្ចប់ទៅដោយលទ្ធផល 5-3។ ក្នុងចំណោម 143 ប្រកួតនោះ Man Utd អាចរក្សាជ័យជម្នះបាន 123 ប្រកួត ខណះដែល 20 ប្រកួតផ្សេងទៀតបានបញ្ចប់ទៅដោយលទ្ធផលស្មើ៕