Bayern ប្រកាសជាផ្លូវការពីការទិញយកដៃគូរបស់ Harry Kane ជាអចិន្ត្រៃយ៍

ខ្សែការពារជើងចាស់ Eric Dier នឹងបន្តនៅជាមួយមិត្តរួមក្រុម Harry Kane នៅក្លឹប Bayern Munich ខណៈដែលខ្សែការពាររូបនេះបានបញ្ចប់ការផ្ទេរជាអចិន្ត្រៃយ៍ពីមាន់ខ្នាយមាស Tottenham Hotspur។

កិច្ចព្រមព្រៀងដំបូងដែលចុះហត្ថលេខាក្នុងអំឡុងទីផ្សារដោះដូរកីឡាករខែមករា កំណត់រយៈពេលខ្ចីជើងរហូតដល់ចុងបញ្ចប់នៃរដូវកាល 2023-2024 នេះ ជាមួយនឹងជម្រើសសម្រាប់ Bayern ក្នុងការបន្តសម្រាប់រយៈពេល 12 ខែបន្ថែម។ កាលពីថ្ងៃសៅរ៍ Bayern Munich បានបញ្ជាក់ជាផ្លូវការថាពួកគេបានអនុវត្តជម្រើសនេះ ដោយចង Dier ជាមួយក្លឹបរហូតដល់ខែមិថុនា ឆ្នាំ 2025 ដោយបង្ហាញពីទំនុកចិត្តរបស់ពួកគេលើសមត្ថភាព និងការរួមចំណែកដ៏មានសក្តានុពលដល់ក្រុមរបស់ខ្សែការពារអង់គ្លេស។

Bayern នឹងត្រូវបង់ថ្លៃខ្ចីជើងចំនួន 4 លានអឺរ៉ូទៅឱ្យ Tottenham មុននឹងអាចចុះឈ្មោះ Dier ជាកីឡាករផ្តាច់មុខរបស់ Bayern។ ទោះយ៉ាងណាក៏ដោយ ពួកគេអាចចុះឈ្មោះ Dier ជាកីឡាករដែលគ្មានតម្លៃខ្លួន នៅពេលដែលកិច្ចសន្យារបស់គាត់នៅក្លឹបមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៍ផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។ ថ្នាក់ដឹកនាំរបស់ Bayern ហាក់មានទំនុកចិត្តជាខ្លាំងទៅលើ Dier ក្រោយការបង្ហាញខ្លួនចំនួន 6 លើករបស់គាត់សម្រាប់ក្លឹប ហើយមានការចាប់អារម្មណ៍ជាពិសេសចំពោះគាត់អំឡុងពេលដែល Bayern ទទួលជ័យជម្នះ 2-1 លើ RB Leipzig នាពេលថ្មីៗនេះថែមទៀតផង៕