ចេញមុខមែនទែនហើយ! អារ៉ាប៊ីសាអូឌីតចាប់ផ្តើមការឃោសនាពីការដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup

សហព័ន្ធកីឡាបាល់ទាត់អារ៉ាប៊ីសាអូឌីត បានចាប់ផ្តើមយុទ្ធនាការជាផ្លូវការសម្រាប់ការដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់លំដាប់ពិភពលោក FIFA World Cup ឆ្នាំ 2034។

ដោយបានប្រកាសពីចេតនារបស់ខ្លួនក្នុងការដេញថ្លៃសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឡើងវិញនៅខែតុលា ឆ្នាំ 2023 ពេលនេះសហព័ន្ធកីឡាបាល់ទាត់អារ៉ាប៊ីសាអូឌីត បានបើកយុទ្ធនាការរបស់ខ្លួនជាផ្លូវការក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះការប្រកួតពិភពលោកជាលើកដំបូងក្នុងឆ្នាំ 2034 ក្រោមពាក្យស្លោកថា “រីកចម្រើន​ ជាមួយគ្នា” ហើយក៏បានបង្ហាញរូបសញ្ញាដេញថ្លៃរបស់ខ្លួន គេហទំព័រ និងភាពយន្តខ្លីដែលអបអរសាទរកីឡាបាល់ទាត់នៅប្រទេសអារ៉ាប៊ីសាអូឌីតផងដែរ។

ពាក្យស្លោករបស់អារ៉ាប៊ីសាអូឌីត ចង់ចាប់យកទាំងការកើនឡើងយ៉ាងឆាប់រហ័សនៃវិស័យកីឡានៅក្នុងប្រទេស និងឥទ្ធិពលវិជ្ជមានដែលធ្វើជាម្ចាស់ផ្ទះការប្រកួតនឹងមានលើបាល់ទាត់អន្តរជាតិ និង FIFA World Cup។ គួររំលឹកផងដែរថា អារ៉ាប៊ីសាអូឌីតបានរៀបចំព្រឹត្តិការណ៍អន្តរជាតិជាង 100 នៅទូទាំងកីឡាជិត 40 ក្នុងរយៈពេលប្រាំមួយឆ្នាំចុងក្រោយនេះ ហើយពាក្យស្លោកយុទ្ធនាការនេះមានគោលបំណងចាប់យកស្មារតីនៃចំណងនេះដើម្បីជួយកសាងអនាគតដ៏ល្អប្រសើរសម្រាប់វិស័យកីឡានៅក្នុងប្រទេសនាតំបន់មជ្ឈឹមបូព៌ាមួយនេះ៕