លោក Robbie Savage បានចុចឈ្មោះរបស់ Harry Kane ចំៗថាធ្វើមិនបានកីឡាករ Jayden Danns ដែលជាចំណែកមួយនៃក្រុមហង្សក្រហមដែលទើបតែបានលើកពាន Carabao Cup កាលពីពេលថ្មីៗនេះ។

ក្រោយមិនដែលបានលើកពានទាល់តែសោះ Kane បានវេចបង្វិចទៅកាន់ក្លឹបយក្សអាឡឺម៉ង់ Bayern Munich ដែលជាក្រុមតែងតែឈ្នះពានរាល់ឆ្នាំ ក្នុងគោលបំណងរកអោយបាននូវពានមួយក្នុងអាជីពជាកីឡាករបាល់ទាត់របស់ខ្លួន។ គាត់បានចុះឈ្មោះបាន 31 គ្រាប់សម្រាប់ក្រុម Bayern ក្នុងការបង្ហាញខ្លួនជាច្រើនដង ប៉ុន្តែពួកគេស្ថិតក្នុងគ្រោះថ្នាក់នៃការខកខានពានរង្វាន់ Bundesliga ខណៈពេលដែលបានធ្លាក់ចេញពីពាន German Cup ផងដែរ។ ក្រុមរបស់លោក Thomas Tuchel ក៏ប្រឈមមុខនឹងសម្ពាធដ៏ធំមួយក្នុងការឡើងទៅលេងវគ្គ 8 ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League។
ផ្ទុយទៅវិញ កីឡាករវ័យក្មេងជាច្រើនរបស់ Liverpool បានភ្លក់រសជាតិលើកពានរួចហើយ ដោយមានដូចជាកីឡាករ James McConnell, Bobby Clark និង Jayden Danns ដែលបានឈ្នះពានរង្វាន់ Carabao Cup ដ៏អស្ចារ្យក្រោយបំបាក់ក្រុម Chelsea ទាំងដែលកីឡាករឈុតធំភាគច្រើនសុទ្ធតែមានបញ្ហារបួសរៀងៗខ្លួន។

មិនបានប៉ុន្មានផង ពេលនេះអតីតកីឡាករក្រុមជម្រើសជាតិវែល លោក Robbie Savage បានចេញមកនិយាយចំៗថា “Liverpool ឈ្នះពាន League Cup ជាលើកទី 10 គឺជាភាពជោគជ័យធំបំផុតក្រោមការដឹកនាំរបស់ Jurgen Klopp។ វាធំជាងការឈ្នះពាន Champions League ដោយសារកាលនោះគ្រប់គ្នារំពឹងថា Liverpool នឹងឈ្នះ ប៉ុន្តែលើកនេះ បូកផ្សំជាមួយបញ្ហារបួសកីឡាករ ពួកគេត្រូវបានគ្រប់គ្នាមើលរំលងជាខ្លាំង។ វាគឺជាទម្រង់លេងល្អបំផុតសម្រាប់ Liverpool នៅគ្រប់តំបន់ទាំងអស់។ Jayden Danns ពេលនេះបានឈ្នះពានច្រើនជាង Harry Kane ទៅទៀត”៕