Real Madrid ចង់បានខ្សែការពារវ័យក្មេងមួយនេះមកជំនួសតំណែងរបស់ Dani Carvajal

Real Madrid បានកំណត់គោលដៅកាលពីពេលថ្មីៗនេះទៅលើខ្សែការពារវ័យក្មេង Juanlu របស់ក្លឹប Sevilla ដែលអាចជាអ្នកស្នងតំណែងរបស់កីឡាករវ័យចំណាស់ Dani Carvajal។

Real Madrid នឹងត្រូវស្វែងរកអ្នកស្នងតំណែងរបស់ Carvajal ដែលមានអាយុ 33 ឆ្នាំនៅឆ្នាំក្រោយ ហើយមិនអាចលេងជារៀងរហូតបានទេ។ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានមកលេងជាមួយម្ចាស់ពាន UEFA Champions League 14 សម័យមួយនេះចាប់តាំងពីឆ្នាំ 2013 ក្រោយផ្លាស់មកពី Bayer Leverkusen ហើយបានក្លាយជាកីឡាករដ៏សំខាន់មួយដែលក្លឹបពិបាកក្នុងការជំនួស។ ទោះជាយ៉ាងណាក៏ដោយយោងទៅតាមសារព័ត៌មានអេស្ប៉ាញបានទម្លាយអោយដឹងថា Juanlu កំពុងលេចចេញជាគូប្រជែងដ៏រឹងមាំដើម្បីបំពេញចន្លោះប្រហោងនៅពេលដែល Carvajal ចាកចេញ។

ស្របពេលដែលកិច្ចសន្យារបស់ Carvajal នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ 2025 លោក Carlo Ancelotti កំពុងស្វែងរកកីឡាករដែលអាចផ្លាស់ប្តូរតំណែង មុនពេលក្លាយជាជម្រើសដំបូងនៅកីឡដ្ឋាន Santiago Bernabeu។ Juanlu ដែលទើបតែអាយុ 20 ឆ្នាំអាចជាដំណោះស្រាយរយៈពេលវែងសម្រាប់តំបន់ការពាររបស់ Real Madrid។ ខ្សែការពាររូបនេះបានបង្ហាញខ្លួនចំនួន 18 ប្រកួតនៅ La Liga ក្នុងរដូវកាលនេះសម្រាប់ក្រុម Sevilla ដោយជំនួសតំណែងប្រធានក្រុម Jesus Navas ក្នុងតួនាទីនោះថែមទៀតផង៕