ក្រុមបិសាចក្រហម Manchester United ត្រូវបានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរមួយ ខណៈដែលខ្សែប្រយុទ្ធ Rasmus Hojlund នឹងត្រូវអវត្តមានរយៈពេល 3 សប្តាហ៍ដោយសារតែបញ្ហាសាច់ដុំ។

កាលពីរសៀលថ្ងៃសុក្រ ក្រុមបិសាចក្រហមបានធ្វើការចេញផ្សាយអំពីកាយសម្បទារបស់ខ្សែប្រយុទ្ធឆ្នើមរបស់ពួកគេដែលសរសេរថា Rasmus Hojlund នឹងខកខានការប្រកួត Premier League របស់ Manchester United ទល់នឹង Fulham នៅថ្ងៃសៅរ៍ដោយសាររបួសសាច់ដុំ ហើយរបួសមួយនេះអាចនឹងត្រូវអូសបន្លាយចន្លោះ 2 ទៅ 3 សប្តាហ៍។

ដោយសន្មត់ថា Hojlund ចំណាយពេល 3 សប្តាហ៍ដើម្បីជាសះស្បើយពីរបួសពិតមែន មិនត្រឹមតែគាត់នឹងខកខានការប្រកួតចុងសប្តាហ៍នេះជាមួយ Fulham នោះទេ កីឡាករសញ្ជាតិដាណឺម៉ាករូបនេះក៏នឹងអង្គុយមើលការប្រកួតជាមួយ Nottingham Forest, Everton, Sheffield United និងសំខាន់បំផុតនោះគឺជំនួបជាមួយសត្រូវរួមទីក្រុងពោលគឺក្លឹប Manchester City ក្នុងការប្រកួត Manchester Derby ផងដែរ៕