ជំនួយការគ្រូបង្វឹករបស់ Liverpool លោក Pep Lijnders បាននិយាយអំពីហេតុផលរបស់គាត់សម្រាប់ការចាកចេញពី Anfield ជាមួយលោក Jurgen Klopp នៅចុងបញ្ចប់នៃរដូវកាលនេះ។

Lijnders បានប្រកាសថាគាត់នឹងចាកចេញពីក្លឹបរួមគ្នាជាមួយ Klopp ជាមួយនឹងជំនួយការផ្សេងរួមមានលោក Peter Krawietz និងគ្រូបង្វឹកឈុតយុវជន Vitor Matos បន្ទាប់ពីដឹកនាំក្លឹបអស់រយៈពេលជិត 9 ឆ្នាំ។ ថ្លែងនៅមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ Carabao Cup គាត់បានបង្ហើបថាគាត់មិនទាន់បានធ្វើការសម្រេចចិត្តណាមួយទាក់ទងនឹងអនាគតរបស់គាត់ទេ ខណៈដែល Liverpool កំពុងតែព្យាយាមបញ្ចប់រជ្ជកាលរបស់ Klopp ជាមួយនឹងភាពជោគជ័យធំធេងមួយ។

ដោយបានសួរថាតើមានឱកាសណាមួយដែលគាត់ចូលកាន់តំណែងជាគ្រូបង្វឹកធំរបស់ Liverpool ដែរឬអត់នោះ គាត់បានឆ្លើយភ្លាមៗថា “ទេ ខ្ញុំពិតជានិយាយដោយស្មោះត្រង់ណាស់។ ខ្ញុំបានពិភាក្សាគ្នាយូរមកហើយជាមួយ Jurgen ហើយពួកយើងដឹងច្បាស់ថាពួកយើងដើរដល់ផ្លូវបញ្ចប់នៃគម្រោងធំមួយហើយ។ ខ្ញុំមានអារម្មណ៍ថាវាជាគម្រោងរបស់មនុស្សជាច្រើន ហើយវាជាវិធីត្រឹមត្រូវក្នុងការធ្វើបែបនេះ។ ក្លឹបនឹងអាចស្វែងរកគ្រូបង្វឹកថ្មីដែលមានវិធីសាស្ត្រដឹកនាំថ្មី។ ខ្ញុំពិតជាមានក្តីរំភើបក្នុងការគ្រប់គ្រង ជាពិសេសក្នុងការស្វែងរកក្លឹបដែលត្រឹមត្រូវដែលពិតជាចង់បានខ្ញុំ។ ពេលនេះខ្ញុំមិនបានគិតអ្វីក្រៅពី Liverpool នោះទេ”៕