កីឡាករ Dani Alves ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល 4 ឆ្នាំ 6 ខែបន្ទាប់ពីត្រូវបានរកឃើញថាមានទោសពីបទរំលោភផ្លូវភេទ។

តុលាការក្នុងប្រទេសអេស្ប៉ាញបានរកឃើញអតីតកីឡាករក្រុមជម្រើសជាតិប្រេស៊ីល និង Barcelona មានទោសពីបទរំលោភនារីក្នុងក្លឹបរាត្រីមួយក្នុងខែធ្នូ ឆ្នាំ 2002។ កីឡាករវ័យ 40 ឆ្នាំរូបនេះត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល 4 ឆ្នាំ 6 ខែ និងបង្គាប់ឱ្យបង់ប្រាក់ឱ្យជនរងគ្រោះចំនួន 15 ម៊ឺនអឺរ៉ូ។ Alves ត្រូវបានចាប់ខ្លួនក្នុងខែមករា ឆ្នាំ 2023 ហើយត្រូវបានឃុំខ្លួនតាំងពីពេលនោះមក បន្ទាប់ពីសំណើសុំនៅក្រៅឃុំត្រូវបានបដិសេធ។ ការកាត់ទោសជាប់ពន្ធនាគាររបស់គាត់ បានបន្ធូរបន្ថយមកពី 9 ឆ្នាំមកត្រឹម 4 ឆ្នាំ 6 ខែ ហើយក្រោយពេលរួចទោស Dani Alves នឹងត្រូវនៅឆ្ងាយពីនារីរងគ្រោះយ៉ាងតិចមួយគីឡូម៉ែត្រ នឹងមិនអាចប្រាស្រ័យទាក់ទងគ្នារហូតដល់ទៅ 9 ឆ្នាំ។

ទោះបីជាសាលក្រមបានសម្រេចជាផ្លូវការក៏ពិតមែន មេធាវីតំណាងរបស់ Dani Alves លោកស្រី Ines Guardiola បានបញ្ជាក់ថាកូនក្តីរបស់លោកស្រីនឹងធ្វើការប្តឹងតបទៅវិញ ដោយបានប្រាប់ទៅកាន់អ្នកយកព័ត៌មានថា “នៅពេលនេះខ្ញុំអាចប្រាប់អ្នកថាពួកយើងនឹងប្តឹងបកទៅលើសាលក្រមកាត់ទោសវិញ។ ខ្ញុំនៅតែជឿជាក់ចំពោះភាពស្មោះត្រង់របស់លោក Alves។ ខ្ញុំនឹងតាមដានរឿងក្តីម្តងទៀត ប៉ុន្តែវាច្បាស់ណាស់ថាពួកយើងនឹងធ្វើការតបតវិញ”៕