អតីតអ្នកចាំទីក្រុមជម្រើសជាតិអង់គ្លេសប្រកាសចូលនិវត្តន៍ពីបាល់ទាត់នៅចុងរដូវកាលនេះ

អតីតអ្នកចាំទីរបស់ក្រុម Manchester City និងក្រុមជម្រើសជាតិអង់គ្លេសកីឡាករ Joe Hart បានប្រកាសថាគាត់នឹងព្យួរស្រោមដៃរបស់គាត់នៅពេលបញ្ចប់រដូវកាល​ 2023-2024 នេះ។

អ្នកចាំទីជើងចាស់ដែលនឹងឈានចូលវ័យ 37 ឆ្នាំ មុនពេលកិច្ចសន្យារបស់គាត់ផុតកំណត់នៅរដូវក្តៅជាមួយ Celtic បានបន្សល់ទុកនូវអាជីពដ៏រុងរឿងដែលមានរយៈពេលជាង 2 ទសវត្សរ៍ ក្នុងអំឡុងពេលដែលគាត់បានបង្ហាញខ្លួនរហូតដល់ទៅ 690 ដងសម្រាប់ក្លឹបចំនួន 10 ផ្សេងគ្នា។ គាត់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការឈ្នះពាន Premier League ចំនួនពីរដងជាមួយ Manchester City និងទទួលបានពានរង្វាន់ស្រោមដៃមាសរហូតដល់ទៅ 4 ដងនៅក្នុងអាជីពបាល់ទាត់របស់គាត់។

ដំណើរនៃអាជីពបាល់ទាត់របស់ Hart បានចាប់ផ្តើមនៅក្លឹប Shrewsbury Town ជាកន្លែងដែលគាត់បានបង្ហាញខ្លួនដំបូងរបស់គាត់ក្នុងខែមេសា ឆ្នាំ 2004។ ក្រោយមកគាត់បានផ្លាស់ទៅ Manchester City ជាកន្លែងដែលគាត់បានរីកចម្រើនក្លាយជាអ្នកចាំទីកំពូលម្នាក់របស់ Premier League ដោយបង្ហាញខ្លួនបាន 348 ដង។ ក្រោយផ្លាស់ចេញពី Man City អ្នកចាំទីសញ្ជាតិអង់គ្លេសរូបនេះបានបន្តទៅលេងអោយក្រុម Torino និង West Ham United មុនពេលផ្ទេរជាអចិន្ត្រៃយ៍របស់គាត់ទៅ Burnley ក្នុងឆ្នាំ 2018 ។ Joe Hart ក៏ធ្លាប់មានឈ្មោះជាកីឡាកររបស់ Tottenham Hotspur មួយរយះធំផងដែរ ហើយចុងក្រោយក៏បានមកលេងនៅក្លឹប Celtic របស់ប្រទេសស្កុតលែនចាប់តាំងពីឆ្នាំ 2021 រហូតមកដល់ពេលនេះ៕