ប្រធានក្រុមតោខៀវ Chelsea កីឡាករ Reece James បានព្យាយាមពន្លឿនការសម្រាកព្យាបាលរបួសសរសៃពួររបស់ខ្លួន ដោយបានហោះទៅកាន់ប្រទេសកាតាដើម្បីបន្តតាមដាន នឹងមើលថែមើលថែសុខភាព។

របាយការណ៍ថ្មីមួយរបស់សារព័ត៌មាន Daily Mail បានអះអាងថាខ្សែការពារស្លាបស្តាំ បានធ្វើដំណើរទៅកាន់ទីក្រុង Doha នៃប្រទេសកាតា ដោយមានរួមដំណើរជាមួយសមាជិកមួយរូបនៃបុគ្គលិកពេទ្យរបស់ក្លឹបតោខៀវ។

James កំពុងរំពឹងថានឹងអាចជាសះស្បើយឆាប់មុនរដូវកាល 2023-2024 បញ្ចប់ ប៉ុន្តែដោយសារតែនេះជាលើកទីពីរដែលរូបគេបានរងរបួសសរសៃពួរធ្ងន់ធ្ងរ ក្លឹប Chelsea នឹងត្រូវតាមដានស្ថានភាពរបស់កីឡាករវ័យ 24 ឆ្នាំនេះយ៉ាងដឹតដល់ជាទីបំផុត។ គួរបញ្ជាក់ថា ការបង្ហាញខ្លួនចុងក្រោយរបស់ Reece James សម្រាប់ Chelsea គឺតាំងពីថ្ងៃទី 10 ខែធ្នូ ឆ្នាំមុន ក្នុងជំនួបដែល Chelsea បានរងបរាជ័យក្រោមថ្វីជើងរបស់ក្រុមស្ករគ្រាប់ Everton 2-0៕