លីកបាល់ទាត់អាឡឺម៉ង់ DFL បានពន្យាពេលនៃផែនការយ៉ាងចម្រូងចម្រាស់ក្នុងការលក់ភាគហ៊ុនតូចមួយផ្នែកសម្រាប់វិនិយោគិន បន្ទាប់ពីមានការតវ៉ាក៏ដូចជាបាតុកម្មពីសំណាក់អ្នកគាំទ្រគ្រប់ជាន់ថ្នាក់។

DFL បានព្យាយាមធ្វើការចរចារជាមួយវិនិយោគិនឯកជនរួមមានក្រុមហ៊ុន Blackstone នឹង CVC Capital Partners អំពីវិធីរកប្រាក់ 1 ពាន់លានអឺរ៉ូដោយការលក់ភាគហ៊ុនសិទ្ធិនៃការផ្សព្វផ្សាយ នឹងពាណិជ្ជកម្មចំនួន 10% សម្រាប់រយះពេល 20 ឆ្នាំខាងមុខ។ នៅក្នុងកិច្ចប្រជុំរបស់ DFL មួយកាលពីថ្ងៃពុធនេះបានសម្រេចថា កិច្ចព្រមព្រៀងដែលគ្រោងនឹងមានទាំងឡាយ នឹងត្រូវលុបចោលជាបណ្តោះអាសន្ន ដោយលោក Hans Joachim Watzke ដែលប្រធានក្រុមប្រឹក្សាត្រួតពិនិត្យ FDL បាននិយាយថា ជំហានបន្ទាប់នៃផែនការក្នុងការអភិវឌ្ឍលីកបាល់ទាត់អាឡឺម៉ង់មើលទៅមិនទំនងជាអាចកើតឡើងបាននោះឡើយ។

ទោះជាយ៉ាងណាក៏ដោយ យោបល់មួយនេះមិនបានទទួលការគាំទ្រពីអ្នកគាំទ្របាល់ទាត់នៅប្រទេសមួយនេះឡើយ ដោយអ្នកគាំទ្រគ្រប់ជាន់ថ្នាក់តែងតែធ្វើការតវ៉ាជារឿយៗចំពោះកិច្ចព្រមព្រៀងដែលស្ទើរតែបានក្លាយជាផ្លូវការមួយនេះ។ គួររំលឹកផងដែរថា ការតវ៉ាលើកចុងក្រោយបំផុតគឺបានកើតឡើងនៅក្នុងការប្រកួតលីកទីពីរ Bundesliga 2 រវាងក្រុម Hansa Rostock នឹង Hamburger SV ដោយការប្រកួតមួយនោះត្រូវបានរំខានមួយរយះពេលខ្លីដោយសារតែអ្នកគាំទ្របានបញ្ជូនឡានបញ្ជាដោយតេឡេចូលទៅក្នុងកីឡដ្ឋាន ជាសញ្ញានៃការប្រឆាំងពីអ្នកគាំទ្របាល់ទាត់៕