Napoli បានបណ្តេញអ្នកចាត់ការ Walter Mazzarri ចេញបីខែបន្ទាប់ពីការត្រឡប់មកវិញរបស់គាត់ដោយលោក Francesco Calzona នឹងត្រូវចូលកាន់តំណែងមួយនេះរហូតដល់រដូវក្តៅ។

ប្រធានក្លឹប Napoli លោក Aurelio De Laurentiis បានពន្យល់ថា ការសម្រេចចិត្តអនុញ្ញាតឱ្យ Mazzarri ចាកចេញ គឺដោយសារការធ្លាក់ទម្រង់លេងយ៉ាងដុនដាបរបស់ក្រុមដែលឈ្នះត្រឹមតែ 4 ប្រកួតក្នុងចំណោម 12 ប្រកួតក្នុងក្របខ័ណ្ឌ Serie A ហើយធ្លាក់ទៅលេខ 9 ក្នុងតារាងពិន្ទុទាំងដែលខ្លួនជាម្ចាស់ការពារតំណែងជើងឯក។

គួររំលឹកផងដែរថា គ្រូបង្វឹកថ្មីលោក Calzona ធ្លាប់ស្ថិតក្នុងជំនួយការគ្រូបង្វឹករបស់ក្រុម Napoli ក្រោមការដឹកនាំរបស់ Luciano Spalletti កាលពីរដូវកាល 2021-2022 និង Maurizio Sarri កាលពីឆ្នាំ 2015-2018។ អ្វីដែលកាន់តែចម្លែកនោះគឺ គ្រូបង្វឹករូបនេះនឹងត្រូវបែងចែកពេលវេលាមកដឹកនាំក្រុមនៅអុីតាលីក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្ន ទាំងដែលខ្លួនមានបន្ទុកជាគ្រូបង្វឹកក្រុមជម្រើសជាតិស្លូវ៉ាគី៕