កីឡាករ Eden Hazard បានបង្កជាភាពភ្ញាក់ផ្អើលជាខ្លាំងនៅពេលចាត់ទុកអតីតកីឡាករ Chelsea រូបនេះថាជាកីឡាករមានសមត្ថភាពខ្ពស់បំផុតដែលខ្លួនធ្លាប់លេងជាមួយ។

ខណះដែលបង្ហាញខ្លួនជាភ្ញៀវកិត្តិយសក្នុងកម្មវិធី The Obi One របស់លោក John Obi Mikel អតីតខ្សែប្រយុទ្ធក្រុមតោខៀវ និង Real Madrid កីឡាករ Hazard ត្រូវបានគេស្នើសុំឱ្យដាក់ឈ្មោះកីឡាករល្អបំផុតដែលគាត់ធ្លាប់បានលេងជាមួយ។ ទោះបីជាគាត់បានលើកឡើងពីឈ្មោះ Luka Modric និងមិត្តរួមជាតិ Kevin De Bruyne ក៏ពិតមែន ប៉ុន្តែ Hazard បែរជាបានផ្តល់ចម្លើយដែលមិនមានអ្នកនឹកស្មានដល់មួយទៅវិញ ពោលគឺ Gael Kakuta។

Hazard បាននិយាយថា “នៅ Real Madrid ខ្ញុំលេងជាមួយកីឡាករល្អបំផុតក្នុងពិភពលោក។ សម្រាប់ខ្ញុំ Modric, Benzema, Kevin De Bruyne, Frank Lampard នឹង Juan Mata គឺសុទ្ធសឹងតែនៅលើកំពូលបញ្ចីទាំងអស់ ប៉ុន្តែខ្ញុំនឹងផ្តល់ឈ្មោះមួយឱ្យអ្នកហើយ John ប្រាកដជាស្គាល់កីឡាកររូបនេះ។ កីឡាករតែមួយគត់ដែលខ្ញុំគិតក្នុងចិត្តថាពីតអស្ចារ្យនោះគឺ Gael Kakuta បើនិយាយពីសមត្ថភាព នឹងទេពកោសល្យ”៕