Bayern Munich ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាជម្រើសគ្រូបង្វឹកថ្មីដើម្បីជំនួសលោក Thomas Tuchel រួមមានលោក Ole Gunnar Solskjaer និង Zinedine Zidane។

តំណែងរបស់ Tuchel បានជួបភាពរង្គោះរង្គើជាខ្លាំង បន្ទាប់ពីលទ្ធផលមិនល្អជាបន្តបន្ទាប់ ដោយបច្ចុប្បន្នកំពុងតាមពីក្រោយក្រុម Bayer Leverkusen ចំនួនប្រាំបីពិន្ទុនៅតារាងលីកកំពូល Bundesliga។ ទោះបីជា Tuchel នៅតែទទួលបន្ទុកនៅពេលនេះ ប៉ុន្តែក្រុមយក្សអាឡឺម៉ង់មួយនេះកំពុងសម្លឹងមើលជម្រើសផ្សេងរួចទៅហើយ នេះបើយោងតាម Sky Germany។

Solskjaer បានលេចចេញជាបេក្ខភាពដ៏មានសក្តានុពលនៅលើមូលដ្ឋានបណ្តោះអាសន្ន ខណះដែល Zidane ជាអ្នកចាត់ការមួយរូបទៀតដែលក្លឹបត្រូវបានគេនិយាយថាកំពុងគិតពិចារណា។ នាយកប្រតិបត្តិក្លឹប Bayern លោក Jan-Christian Dreesen បាននិយាយថាក្លឹបនឹងមិនបណ្តេញលោក Tuchel ចេញពីតំណែងឡើយ បន្ទាប់ពីបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ពួកគេក្រោមស្នាដៃក្រុម Bochum ប៉ុន្តែបានបញ្ឈប់នូវការគាំទ្រពេញលេញរបស់ក្លឹបសម្រាប់គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់បាត់ទៅហើយ៕