អតីតអាជ្ញាកណ្តាលនៅ Premier League រូបនេះបានទទួលតំណែងដ៏ចម្លែកមួយពីក្រុម Nottingham Forest

លោក Mark Clattenburg ដែលអ្នកគាំទ្របាល់ទាត់អង់គ្លេសស្គាល់ថាជាអតីតអាជ្ញាកណ្តាលដ៏មានជំនាញរបស់ Premier League ត្រូវបានតែងតាំងក្នុងតួនាទីជាអ្នកវិភាគដ៏កម្រមួយដោយក្លឹប Nottingham Forest។

លោក Clattenburg ដែលទើបតែបានដើរតួជាអាជ្ញាកណ្តាលនៅក្នុងកម្មវិធីរបស់ទូរទស្សន៍ BBC TV ដែលមានឈ្មោះថា Gladiators ពេលនេះបានទទួលនូវតួនាទីដ៏សំខាន់មួយសម្រាប់ក្រុម Nottingham ដោយផ្តោតសំខាន់ទៅលើការពង្រឹងចំណេញដឹង នឹងទំនាក់ទំនាងរវាងក្លឹបជាមួយអាជ្ញាកណ្តាល នេះបើយោងទៅតាមការរាយការណ៍របស់សារព័ត៌មាន The Telegraph។ បុរសវ័យ 48 ឆ្នាំរូបនេះត្រូវបានគេប្រទះឃើញថាមានវត្តមាននៅកីឡដ្ឋាន City Ground ក្នុងការប្រកួតទល់នឹង West Ham ដោយមានចូលរួមជាមួយប្រធានក្លឹបលោក Evangelos Marinakis នឹងលោក Tony Scholes ដែលជាប្រធាន​ផ្នែក​បាល់ទាត់​របស់លីកកំពូលអង់គ្លេស Premier League ផងដែរ។

ការសម្រេចចិត្តរបស់ Forest ក្នុងការតែងតាំងលោក Clattenburg កើតឡើងចំពេលមានការខកចិត្តចំពោះការសម្រេចចិត្តផ្លូវការ និងការអន្តរាគមន៍ពី VAR នៅរដូវកាលនេះ។ ក្លឹបបានដាក់ពាក្យបណ្តឹងជាច្រើនទៅកាន់សមាគមអាជ្ញាកណ្តាលកាត់សេចក្តីការប្រកួត PGMOL ដោយគូសបញ្ជាក់ពីករណីនៃកំហុស និងភាពមិនស៊ីសង្វាក់គ្នាក្នុងការកាត់សេចក្តីសម្រាប់ការប្រកួត។ គួររំលឹកផងដែរថា Clattenburg បានបម្រើការប្រហែល 13 ឆ្នាំនៅក្នុងក្របខ័ណ្ឌ Premier League មុនពេលចាកចេញពីតួនាទីរបស់គាត់ក្នុងឆ្នាំ 2017 ។ ក្រោយមកគាត់បានធ្វើជាប្រធានអាជ្ញាកណ្តាលរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ហើយត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការអាជ្ញាកណ្តាលរបស់ប្រទេសអេហ្ស៊ីបនៅខែសីហា ឆ្នាំ 2022៕