លោក Antonio Conte បានបង្ហើបថាគាត់ធ្លាប់មានបំណងចង់នាំយកកីឡាករ Romelu Lukaku និង Virgil van Dijk មកលេងនៅ Chelsea កំឡុងពេលគាត់នៅជាគ្រូបង្វឹករបស់ក្លឹបមួយនេះ។

អ្នកចាត់ការសញ្ជាតិអ៊ីតាលីដែលបានដឹកនាំ Chelsea ឱ្យឈ្នះពាន Premier League និងពានរង្វាន់ FA Cup ក្នុងអំឡុងពេលពីរឆ្នាំរបស់គាត់នៅកីឡដ្ឋាន Stamford Bridge បានបង្ហាញថាគាត់ពិតជាធ្លាប់បាននិយាយជាមួយ Romelu Lukaku និង Virgil van Dijk ដើម្បីព្យាយាមលួងចិត្តកីឡាករទាំងពីរនេះអោយចូលរួមជាមួយគាត់ ដោយបានអះអាងទៀតថា បើសិនជាគាត់មានកីឡាករទាំងពីរនេះ Chelsea នឹងក្លាយជាក្លឹបធំបំផុតមួយនៅអង់គ្លេស។

នៅក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មាន The Telegraph លោក Antonio Conte បានទម្លាយថា “ប្រវត្តិសាស្ត្ររបស់ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ថា ខ្ញុំតែងតែមកដឹកនាំក្នុងស្ថានភាពផ្សេងៗគ្នាជានិច្ច។ ខ្ញុំតែងតែព្យាយាមបង្កើតក្រុមខ្លាំងមួយ។ បន្ទាប់ពីរដូវកាលដំបូងជាមួយ Chelsea ដែលយើងបានលើកពាន Premier League យើងស្ទើរតែក្លាយជាក្រុមធំបំផុតនៅអង់គ្លេសទៅហើយ។ ខ្ញុំបាននិយាយជាមួយ Lukaku នឹង van Dijk ហើយកីឡាករសំខាន់ទាំងពីរនោះគឺសុទ្ធសឹងតែអាចកែប្រែស្ថានការទាំងស្រុងសម្រាប់យើងបាន”៕