មុនការប្រកួតទល់នឹង Central Coast Mariners តើគ្រូបង្វឹករបស់ភ្នំពេញក្រោនបានត្រៀមខ្លួនយ៉ាងម៉េចខ្លះ?

មុនជំនួបដ៏សំខាន់រវាងក្រុម ភ្នំពេញក្រោន ទល់នឹងក្រុមខ្លាំងមកពីអូស្ត្រាលីពោលគឺក្រុម Central Coast Mariners នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប្រចាំតំបន់ សម្រាប់ពាន AFC Cup នាថ្ងៃទី 13 ខាងមុខនេះ លោក Oleg Starynski ដែលជាគ្រូបង្វឹករបស់ក្រុមភ្នំពេញក្រោន បានចេញមកបង្ហើបនូវការរៀបចំរបស់ក្រុមក្នុងការបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់បាល់ទាត់កម្ពុជា។

នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតនាពេលថ្មីៗនេះ លោក Oleg Starynski បានទម្លាយយ៉ាងច្បាស់ថាក្រុមភ្នំពេញក្រោនបានចំណាយពេលវេលាជាច្រើនក្នុងការធ្វើដំណើរមកលេងដល់ទឹកដីនៃប្រទេសអូស្រ្តាលី ប៉ុន្តែក្រុមទាំងមូលមានក្តីរំភើបជាខ្លាំងដែលបានឡើងមកដល់វគ្គនេះ។ ការប៉ះគ្នាជាមួយក្រុមខ្លាំងដូចជា Central Coast Mariners គឺជាជំនួបដែលពោរពេញទៅដោយភាពតានតឹងមួយ ព្រោះការប្រកួតនេះតម្រូវអោយមានក្រុមឈ្នះមួយដើម្បីឡើងទៅលេងវគ្គផ្តាច់ព្រ័ត្រប្រចាំតំបន់។ គ្រូបង្វឹកសញ្ជាតិអ៊ុយក្រែនរូបនេះក៏បាននិយាយបន្ថែមទៀតថា “វានឹងក្លាយទៅជាការប្រកួតដ៏អស្ចារ្យ ព្រោះក្រុមអូស្ត្រាលីនេះគឺជាក្រុមមួយដែលលេចធ្លោបើយើងប្រៀបធៀបជាមួយក្រុមផ្សេងៗទៀត។ ក្នុងបាល់ទាត់អ្វីៗក៏អាចកើតមានឡើងដែរ យើងសង្ឃឹមថាយើងនឹងអាចធ្វើវាបាន ព្រោះគ្រប់គ្នាដែលមកទីនេះបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួត”

គួររំលឹកផងដែរថា ក្រុមភ្នំពេញក្រោនដែលតំណាងអោយប្រទេសកម្ពុជានៅក្នុងការប្រកួតលំដាប់ទីពីរនៃក្លឹបបាល់ទាត់នៅតំបន់អាសុីមួយនេះ បានឡើងមកក្នុងនាមជាក្រុមលេខ 2 ល្អក្នុងពូល បន្ទាប់ពីបញ្ចប់ការប្រកួតចំនួន​​ 6 លើក ឈ្នះ​ 4 ដង នឹងរងបរាជ័យចំនួន 2 ដង ដែលនៅក្នុងពូលមានក្រុមខ្លាំងៗមកពីតំបន់ដូចជា Macarthur FC របស់អូស្ត្រាលី, Shan United របស់ប្រទេសឡាវ ក៏ដូចជា Dynamic Herb Cebu ដែលជាក្រុមរងជើងឯកក្នុងលីកកំពូលហ្វីលីពីន Philippines Football League កាលពីរដូវកាល 2022-2023 ផងដែរ។ ជំនួបរវាងក្រុម ភ្នំពេញក្រោន នឹង Central Coast Mariners នឹងត្រូវធ្វើឡើងនៅថ្ងៃទី 13 ខែកុម្ភះខាងមុខនេះ នៅក្នុងកីឡដ្ឋាន Central Coast Stadium នៃទីក្រុង New South Wales ប្រទេសអូស្ត្រាលី៕