គ្រាន់តែស៊ុតមិនចូលមួយប្រកួតនេះសោះ Kane ត្រូវបានអ្នកសារព័ត៌មានអាឡឺម៉ង់ព្រលះយ៉ាងចាស់ដៃ

ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសអាឡឺម៉ង់បានធ្វើការរិះគន់យ៉ាងខ្លាំងចំពោះទម្រង់លេងរបស់ Harry Kane ក្នុងការបរាជ័យយ៉ាងធ្ងន់ធ្ងររបស់ Bayern Munich ក្រោមថ្វីជើងក្រុមខ្លាំង Bayer Leverkusen កាលពីថ្ងៃសៅរ៍កន្លងទៅ។

តារាឆ្នើមអង់គ្លេសរូបនេះ បានក្លាយខ្លួនជាប្រធានបទដ៏ក្តៅគគុកដោយប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់ដែលបានហៅទម្រង់លេងរបស់ Kane ថាជារឿងដ៏ពិបាកទទួលយកមួយ ខណៈដែលក្រុម Bayern Munich បានចាញ់ក្នុងលទ្ធផល 3-0 ដោយសារក្រុមកំពូលតារាង Bundesliga ពោលគឺ Bayer Leverkusen។ Kane ត្រូវ​បាន​គេ​ថ្កោលទោស​ចំពោះ​ការ​មិន​អាច​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​ដ៏​ធំ​មួយ​ ដែល​គេ​បានហៅ​ទម្រង់របស់ Harry Kane ថា​ទម្រង់​លេង​ដ៏​អាក្រក់​បំផុត​របស់​គេ​រហូត​ដល់​បច្ចុប្បន្ន​សម្រាប់​ក្លិបយក្សអាឡឺម៉ង់។

សារព័ត៌មាន BILD បានពណ៌នាការលេងទល់នឹង Leverkusen ថាជា “គ្រោះមហន្តរាយ របស់Kane” ដូចដែលពួកគេបានសរសេរថា “Kane ត្រូវបាននាំយកមកសម្រាប់ការប្រកួតបែបនេះ។ នេះអាចជាការប្រកួតដ៏អាក្រក់បំផុតសម្រាប់ Kane ក្នុងនាមជាកីឡាកររបស់ Bayern។ Kane ហាក់ដូចជាមិនបានលេងនៅក្នុងការប្រកួតនេះអញ្ចឹង ព្រោះមិនអាចរកគ្រាប់បាល់ នឹងបញ្ជូនអោយដៃគូស៊ុតបញ្ចូលទីបាន”