ប្រធានផ្នែកកីឡារបស់​ Dortmund បញ្ជាក់ពីក្តីសង្ឃឹមក្នុងការទិញយក Sancho ផ្តាច់មកវិញ

លោក Sebestian Kehl ដែលជាប្រធានផ្នែកកីឡារបស់ក្លឹប Borussia Dortmund បានចេញមកផ្តល់ជាចម្លើយទាក់ទងនឹងពាក្យចចាមអារ៉ាមដែលថា Dortmund កំពុងពិចារណាក្នុងការនាំយកកីឡាករ Jadon Sancho មកកាន់ទឹកដីអាឡឺម៉ង់វិញជាលក្ខណះអចិន្ត្រៃយ៍។

Sancho បាន​ត្រឡប់មកកាន់ក្លឹបចាស់របស់ខ្លួនវិញក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​កាល​ពី​ខែ​មុន ដោយលែងបានចូលលេងក្នុងការប្រកួតសម្រាប់ Manchester United បន្ទាប់​ពី​មាន​ជម្លោះ​ជា​សាធារណៈ​ជាមួយ​អ្នក​ចាត់​ការលោក Erik ten Hag។ រូបគេបានសម្របខ្លួនឡើងវិញយ៉ាងឆាប់រហ័សនៅក្នុង Bundesliga ផងដែរដែលបង្កឱ្យមានពាក្យចចាមអារ៉ាមថាគាត់អាចផ្លាស់ប្តូរមកកីឡដ្ឋាន Signal Iduna Park ជាលក្ខណះអចិន្ត្រៃយ៍នៅចុងបញ្ចប់នៃរដូវកាលនេះ។ ទោះជាយ៉ាងណាក៏ដោយ ប្រធានផ្នែកកីឡារបស់ Dortmund ផ្ទាល់បានសារភាពថាកិច្ចព្រមព្រៀងនេះនឹងក្លាយជាបញ្ហាប្រឈមមួយដែលពិបាកក្នុងការបញ្ចប់។

នៅពេលសួរដោយសារព័ត៌មាន Sky Sports ថាតើមានសង្ឃឹមក្នុងការចុះហត្ថលេខាលើ Sancho ក៏ដូចជាកីឡាករ Ian Maatsen នៅរដូវក្តៅដែរឬទេ Kehl បាននិយាយថា “ជាអកុសលសម្រាប់កីឡាករទាំងពីរ ជម្រើសទាំងពីរគឺពិតជាមិនប្រាកដនោះឡើយ។ ប្រសិនបើអ្នកដឹងពីអ្វីដែលយើងទទួលបានសម្រាប់ Jadon Sancho ពីរ​ឆ្នាំ​កន្លះ​កន្លង​មក អ្នក​ប្រាកដជាដឹងដែរថាឥឡូវ​នេះ​វា​ប្រហែល​ជា​ពិបាក​ខ្លាំង​ណាស់។ ជំហរចរចាបច្ចុប្បន្នគឺមិនមែនដូចដែលយើងអាចអនុវត្តវាបានទេ ដូច្នេះយើងមានតែទទួលតាមអ្វីដែលកំពុងតែកើតឡើងជាក់ស្តែង”