របាយការណ៍យ៉ាងចម្លែកភ្ញាក់ផ្អើលមួយបានចេញផ្សាយថាលោក Mikel Arteta អាចនឹងក្លាយជាគ្រូបង្វឹកបន្ទាប់ដែលគ្រោងប្រកាសពីការចុះចេញពីតំណែងរបស់ខ្លួននៅរដូវក្តៅខាងមុខនេះ។

បន្ទាប់ពីលោក Jurgen Klopp បានប្រកាសថាគាត់នឹងចាកចេញពី Liverpool នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយ Xavi បានបញ្ជាក់ថាគាត់នឹងចុះចេញពីតំណែងជាគ្រូបង្វឹករបស់ Barcelona ពេលនេះ Arteta គឺជាឈ្មោះដ៏ធំទីបីដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញដ៏គួរឱ្យភ្ញាក់ផ្អើលនៅរដូវក្តៅនេះ។ យោងតាមសារព័ត៌មាន Sport គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានប្រាប់មនុស្សជិតស្និទ្ធនឹងគាត់ថាគាត់កំពុងពិចារណាពោលពាក្យលាពីការដឹកនាំនៅ Arsenal របស់គាត់នៅពេលដែលរដូវកាល 2023-2024 បញ្ចប់ជាផ្លូវការ។

ខណៈដែល Xavi ទើបតែបានបញ្ជាក់ពីការចាកចេញរបស់គាត់កាលពីថ្ងៃសៅរ៍ ប្រភពដដែលបានបញ្ជាក់ថាថាគ្មាននរណាម្នាក់នៅ Barcelona បានទាក់ទងទៅលោក Arteta អំពីការចូលកាន់តំណែងជាគ្រូបង្វឹកនៅកីឡដ្ឋាន Camp Nou នោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រធានក្លឹបអ្នកមានបុណ្យលោក Joan Laporta ត្រូវបានគេនិយាយថា ជាអ្នកកោតសរសើរយ៉ាងធំធេងចំពោះសមត្ថភាពរបស់អតីតខ្សែបម្រើ Barcelona, Arsenal និង Everton រូបនេះហើយជឿជាក់ថាគាត់នឹងក្លាយខ្លួនជាជម្រើសសមល្អសម្រាប់ក្លឹប៕