ក្លឹបបាល់ទាត់ Tottenham Hotspur ត្រូវបានគេរាយការណ៍ថា បានយកឈ្នះការប្រកួតប្រជែងពីក្លឹបធំៗរួមមាន Juventus នឹង Bayern Munich ដើម្បីនាំយកនូវខ្សែការពារវ័យក្មេង Radu Dragusin ពីក្លឹប Genoa របស់លីកកំពូលអ៊ីតាលី។

យោងតាមអ្នកសារព័ត៌មាន Fabrizio Romano បានប្រកាសអោយដឹងកាលពីពេលថ្មីៗនេះថា Tottenham បានយកឈ្នះការដេញថ្លៃខ្សែការពារកណ្តាលរូបនេះនៅក្នុងតម្លៃដែលអាចឈានទៅដល់ 30 លានអឺរ៉ូ ដោយការមកដល់របស់ Dragusic នេះនឹងបង្ខំចិត្តអោយខ្សែការពារ Djed Spence ត្រូវធ្វើការផ្លាស់ចេញក្នុងលក្ខខណ្ឌខ្ចីជើងបណ្តោះអាសន្ន។

គួររំលឹកផងដែរថា ខ្សែការពាររ៉ូម៉ានីដែលត្រូវបានគេចាត់ទុកថាជា van Dijk ទីពីរនោះ ជាកីឡាករទីពីរដែលនឹងមកលេងនៅ Tottenham សម្រាប់ខែមករាខាងមុខ បន្ទាប់ពីការប្រកាសជាផ្លូវការរបស់ខ្សែប្រយុទ្ធ Timo Werner ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លឹប RB Leipzig រហូតដល់ចប់រដូវកាល 2023-2024 នេះ។ ការនាំយកកីឡាករថ្មីៗអាចនឹងជួយសម្រួលទៅដល់បញ្ហារបួសកីឡាកររបស់លោក Ange Postecoglu ដែលបច្ចុប្បន្នកំពុងព្យាយាមយ៉ាងខ្លាំងដើម្បីរក្សាគម្លាតតូចមួយពីក្រុមកំពូលទាំងបួននៅ Premier League នៅរដូវកាលនេះ៕