Gary Neville បានរំលឹកពីពេលដែលលោក Sir Alex Ferguson សុំឱ្យគាត់បញ្ចុះបញ្ចូលវីរកីឡាកររបស់ហង្សក្រហម Liverpool កីឡាករ Steven Gerrard ឱ្យចូលរួមជាមួយក្លឹបបិសាចក្រហម Manchester United។

អតីតកីឡាករជម្រើសជាតិអង់គ្លេសរូបនេះបានបង្ហើបថាកាលពីឆ្នាំ 2004 អ្នកចាត់ការទូទៅរបស់ Man Utd លោក Sir Alex Ferguson បានស្នើឱ្យគាត់បញ្ចុះបញ្ចូលមិត្តរួមជាតិរបស់គាត់ ពោលគឺ Steven Gerrard ឱ្យផ្លាស់ប្តូរពី Liverpool មកលេងជាមួយខ្លួននៅ Man United។ ថ្លែងនៅលើផតឃែស្ថ Stick to Football លោក Neville បាននិយាយថា “ខ្ញុំទើបតែនឹកឃើញនៅពេលដែលលោក Sir Alex សួរខ្ញុំនៅពេលខ្ញុំចូលទៅក្នុងបន្ទប់របស់ Gerrard ហើយបានសុំឱ្យគាត់ចុះហត្ថលេខាសម្រាប់ United ។ ខ្ញុំមានអារម្មណ៍ដូចជាវាជារឿងដែលមិនមានសង្ឃឹមក្នុងការកើតឡើងនោះឡើយ”។

Gary Neville ក៏បានបន្ថែមទៀតថា “កាលពីឆ្នាំ 2004 គាត់ជិតនឹងផ្លាស់ទៅ Chelsea ហើយ Sir Alex បានតេមកខ្ញុំហើយនិយាយថាគាត់មានការថប់បារម្ភ។ គាត់បានប្រាប់ខ្ញុំអោយនិយាយទៅ Stevie ថា Sir Alex មានគំនិតមួយហើយ Stevie គួរតែផ្លាស់មកនៅជាមួយគាត់វិញ។ ខ្ញុំបានទៅជួប Stevie ហើយរូបគេបាននិយាយភ្លាមៗថា “ប្រាកដណាស់ ខ្ញុំនឹងមិនចេញពី Liverpool ហើយគ្រួសាររបស់ខ្ញុំនឹងមិនចេញពី Liverpool ឡើយ”៕