Sergio Ramos ផ្អាកការសម្ភាសន៍ពាក់កណ្តាលផ្លូវដើម្បីស្រែកដាក់អ្នកគាំទ្រ

បន្ទាប់ពីការបរាជ័យក្នុងលទ្ធផល 2-0 របស់ Sevilla ក្រោមថ្វីជើងក្រុម Athletic Bilbao ខ្សែការពារ Sergio Ramos បានបង្អាក់ការសម្ភាសន៍ក្រោយការប្រកួតរបស់គាត់ដើម្បីស្រែកដាក់អ្នកគាំទ្រដែលកំពុងឈរនៅកន្លែងអ្នកគាំទ្រ។

គ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់កីឡាករ Mikel Vesga និង Aitor Paredes បានបង្ហាញថាគ្រប់គ្រាន់សម្រាប់ Bilbao ក្នុងការក្តោបយក 3 ពិន្ទុ ខណៈដែលក្រុមរបស់លោក Quique Sanchez Flores បានរងបរាជ័យនៅក្នុងលីកកំពូលអេស្ប៉ាញ La Liga ជាលើកទី 9 ក្នុងរដូវកាលនេះ។ គិតមកទល់បច្ចុប្បន្ន Sevilla ឈរនៅលេខរៀងទី 16 ក្នុងតារាងពិន្ទុ ដែលវាជារឿងមួយដែលខុសពីស្តង់ដារធម្មតារបស់ពួកគេ។

ពេលកំពុងនិយាយជាមួយ DAZN ក្រោយចប់ការប្រកួត កីឡាករអេស្ប៉ាញបានផ្អាកការសំភាសន៍របស់ខ្លួន ហើយស្រែកទៅកាន់អ្នកគាំទ្រថា “សូមមានការគោរពបន្តិច ព្រោះមនុស្សកំពុងនិយាយនៅទីនេះ សូមគោរពមនុស្ស និងផ្លាកសញ្ញារបស់ក្លឹបផង។ បិទមាត់ហើយដើរចេញទៅ!”។ Sevilla បានឈ្នះត្រឹមតែ 3 ប្រកួតប៉ុណ្ណោះក្នុងចំណោម 19 ប្រកួតរបស់ពួកគេក្នុងលីកនៅរដូវកាលនេះ ហើយឈរនៅលើតំបន់កាត់ចោលត្រឹមតែ 5 ពិន្ទុប៉ុណ្ណោះ៕