អតីតខ្សែការពារក្រុម Manchester United កីឡាករ Eric Bailly ត្រូវបានក្រុម Besiktas របស់ប្រទេសទួរគីផ្តាច់កុងត្រាចោល បន្ទាប់ពីរក្សាទម្រង់លេងល្អមិនបានយូរ ទាំងដែលខ្លួនទើបតែផ្លាស់មកលេង។

ក្លឹបយក្សទួរគីបានប្រកាសពីការបញ្ចប់កិច្ចសន្យាលើបណ្តាញសង្គម X កាលពីពេលថ្មីៗនេះដោយកីឡាករសញ្ជាតិកូតឌីវ័របានចូលរួមជាមួយ Besiktas កាលពីបួនខែមុនបន្ទាប់ពីគាត់និងបិសាចក្រហមបានបញ្ចប់កិច្ចសន្យារបស់ពួកគេជាមួយគ្នា។ ការដោះលែង Bailly កើតឡើងក្នុងស្ថានភាពដ៏ចម្រូងចម្រាសមួយដោយក្លឹបបានដកគាត់ចេញជាមួយកីឡាករប្រាំនាក់ផ្សេងទៀតដោយសារតែការលេងមិនបានល្អនិងភាពមិនស៊ីគ្នាក្នុងក្រុម។ ភ្នាក់ងារតំណាងរបស់ Bailly បានអះអាងថាការសម្រេចចិត្តបែបនេះជារឿងដែលមិនសមស្របមួយ ដោយសារតែ Bailly មិនអាចចូលរួមលេងជាមួយក្លឹបបានក្រោមបញ្ហារបួស។

លោក Rafaela Pimenta ភ្នាក់ងាររបស់កីឡាករសញ្ជាតិកូតឌីវ័ររូបនេះបានឆ្លើយតបទៅនឹងការបញ្ចប់កុងត្រាតាមរយៈសារព័ត៌មាន The Sun ថា “យើងមានការតក់ស្លុត ហើយវាបានធ្វើឱ្យយើងភ្ញាក់ផ្អើលជាខ្លាំង។ យើងកំពុងរៀបចំប្រតិកម្មរបស់យើងចាប់តាំងពីយើងដឹងថា Eric មិនបានធ្វើអ្វីខុសទាត់តែសោះ។ សិទ្ធិរបស់កីឡាករកំពុងត្រូវបានរំលោភបំពាន ហើយយើងនឹងត្រូវប្រាកដចិត្តថាយើងតែងតែការពារគាត់ជានិច្ច”៕